(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានចាត់ឲ្យសហការីជាតំណាង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់អង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់៦ខ្នង កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តំណាងរបស់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ដឹកនាំដោយ លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក យោប អះស្ការី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក លី វណ្ណសូត្រ អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងចូលរួមដោយមន្ត្រីថ្នាក់ខេត្ត និងមូលដ្ឋានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តត្បូងឃ្មុំផងដែរ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក កៅ អ៉ីមរ៉ន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយក្តីនឹករលឹក និងសោកស្តាយជាពន់ពេក ចំពោះគ្រោះថ្នាក់ដ៏អកុសលរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក កៅ អ៉ីមរ៉ន បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងរជ្ជកាលរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជីវភាព និងទុក្ខលំបាករបស់ប្រជាជន ត្រូវបានយកចិត្តទុកដាក់ ដោយមិនទុកប្រជាពលរដ្ឋចោលឡើយ។ លោកថា អំណោយនេះជាទឹកចិត្តរបស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងគ្រាដែលពលរដ្ឋជួបនូវគ្រោះថ្នាក់ភ្លាមៗ សង្ឃឹមថា នឹងមានអំណោយជាបន្តបន្ទាប់ទៀត ដើម្បីជួយដោះស្រាយជីវភាព និងការលំបាករបស់បងប្អូនថែមទៀត។

អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, ប្រេងឆា៥លីត្រ, ត្រីខ១យួរ, ស្ករស៥គីឡូក្រាម, មី១កេស និងថវិកា៩០ម៉ឺនរៀល៕