(សៀមរាប)៖ កម្ពុជា-ចិន បានរួមគ្នារៀបចំការប្រកួតនិយាយរឿងនិទានជាភាសាចិនលើកដំបូង ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកសិក្សាភាសាចិនឱ្យពង្រឹង-ពង្រីកសមត្ថភាពភាសាចិនរបស់ខ្លួន សំដៅចូលរួមពង្រឹងស្ពានទំនាក់ទំនងដ៏ល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ការរៀបចំការប្រកួតនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ដែលបានរៀបចំឡើងដោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងក្រោមកិច្ចគាំទ្រពីស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប និងសភាពាណិជ្ជកម្មចិនប្រចាំខេត្តសៀមរាប។

លោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានលើកឡើងថា នេះជាលើកទីមួយហើយដែលខេត្តសៀមរាបរៀបចំនូវកម្មវិធីប្រកួតនិយាយរឿងនិទានជាភាសាចិន សម្រាប់សិស្សានុសិស្សកម្ពុជាដែលកំពុងសិក្សាភាសាចិន។

កម្មវិធីនេះបានផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកសិក្សាភាសាចិនឱ្យពង្រឹង និងពង្រីកសមត្ថភាពភាសាចិនរបស់ខ្លួន ដើម្បីចូលរួមជាស្ពានទំនាក់ទំនងដ៏ល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីនេះបានរៀបចំអស់រយៈពេលមួយខែ ដោយចាប់ផ្តើមពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសិស្សានុសិស្សជាច្រើនបានចូលរួមក្នុងការប្រកួតនេះ ហើយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាថ្ងៃប្រកួតផ្តាច់ព្រ័តដែលមានសិស្សានុសិស្សចំនួន ១២ រូបបានចូលរួមប្រកួតក្នុងនោះមានស្រីចំនួន ១១ នាក់។

លោកសង្ឃឹមថា ការប្រកួតប្រជែងនេះនឹងត្រូវបានប្រើជាចំណុចចាប់ផ្តើមក្នុងការលើកទឹកចិត្តបន្ថែមទៀត និងចូលរួមអបអរសាទរក្នុងចំណោមសិស្សានុសិស្សកម្ពុជាវ័យក្មេងលើការសិក្សាភាសាចិន ព្រមចាក់គ្រឹះរឹងមាំថែមទៀតសម្រាប់ការផ្លាស់ប្តូរមិត្តភាពរវាងកម្ពុជា និងចិន។

ដោយឡែក លោកបានបន្ថែមថា ចាប់ពីឆ្នាំ២០១៦មក តាមរយៈការសាងសង់អគារសិក្សានៅតាមសាលារៀនមួយចំនួននៅកម្ពុជា មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានចូលរួមនៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តសៀមរាប និយាយដោយឡែក នៅក្នុងប្រទេសកម្ពុជា និយាយរួម។

លោក លីវ ជឺជា អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រ និងសម្របសម្រួលរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានផ្តល់ឱកាសឱ្យសង្គមស៊ីវិលប្រទេសចិន ដែលក្នុងនោះរួមមានមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសរៀបចំកម្មវិធីលើកទឹកចិត្តដល់អ្នកដែលបានកំពុងសិក្សាភាសាចិននៅក្នុងខេត្តសៀមរាប។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានកោតសរសើរខ្ពស់ចំពោះមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រួមជាមួយនឹងអង្គការសង្គមស៊ីវិលនានាដែលបានចូលរួមឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍក្នុងខេត្តសៀមរាប ក្រោមដំបូលនៃសុខសន្តិភាព និងលម្ហសេរីភាពយ៉ាងពេញលេញនៅកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប លោកសង្ឃឹមថាសង្គមស៊ីវិលរបស់ប្រទេសចិនកាន់តែច្រើនបន្ថែមទៀត នឹងចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាបក្នុងកិច្ចអភិវឌ្ឍខេត្តសៀមរាប ពិសេសការអភិវឌ្ឍធនធានមនុស្ស។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញនាថ្ងៃនេះ សិស្សឈ្មោះ ឯក សុវណ្ណបុប្ផា ត្រូវបានទទួលរង្វាន់លេខ ១ ដោយទទួលបានទឹកប្រាក់ចំនួន ៣០០ ដុល្លារ និងរង្វាន់ជាច្រើនទៀត ហើយចំណាត់ថ្នាក់លេខ ២ មានចំនួនពីរនាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ ១៥០ ដុល្លារ ចំណាត់ថ្នាក់លេខ ៣ មានបីនាក់ដោយម្នាក់ៗទទួលបាន ១០០ ដុល្លារ និងចំណាត់ថ្នាក់លួងចិត្តមានចំនួន ៦ នាក់ ដោយម្នាក់ៗទទួលបាន ៥០ ដុល្លារ៕