(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត និងលោក លន់ លុច្ច មេបញ្ជាការវរការពារព្រុំដែនលេខ៦០៥ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំមន្ដ្រី និងក្រុមការងារចុះពិនិត្យការរុះរើតង់ របស់ភាគីវៀតណាម ដែលបានបោះទីតាំងនៅជាប់ព្រំដែន។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា ជាលទ្ធផលក្រុមការងារបានបញ្ជាក់ច្បាស់ថា ភាគីវៀតណាម គឺពិតជាបានរុះរើតងដែលគេបោះកាលពីពេលកន្លងទៅ ចេញអស់ពិតប្រាកដមែន។

សូមជម្រាបថា តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការរុះរើតង់នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវិដេអូរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ដើម្បីរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធានៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។ បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា រួមមានទាំងការធ្វើកំណត់ទូតផងនោះ ប្រទេសវៀតណាម ក៏បានរុះរើតង់មួយចំនួនចេញ មុននឹងឈានដល់ការរុះរើទាំងស្រុងនៅថ្ងៃនេះផងដែរ៕