(តៃប៉ិ)៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ ដែលបានវាយប្រហារ ភាគខាងត្បូងកោះតៃវ៉ាន់សប្តាហ៍មុននេះ បានកើនឡើងដល់ ៨៣នាក់ហើយ ស្របពេលដែលមនុស្សរាប់សិបនាក់ទៀត នៅបន្តជាប់ខ្លួនក្រោមគំនរអគារ។ នេះបើតាមការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

អគារ វៃកាន (Wei Guan) កម្ពស់ ១៦ជាន់ នៃតំបន់ Kaohsiung របស់ទីក្រុងតៃណាន (Tainan) ដែលបានដួលរលំនោះ គឺជាមូលហេតុ ដែលនាំឲ្យមនុស្ស ៨១នាក់ស្លាប់ និង រាប់សិបនាក់ទៀតបាត់ខ្លួន។ រយៈពេល ៦ថ្ងៃមកហើយ ក្រុមសង្គ្រោះនៅតែបន្តគាស់កកាយ គំនរអគារ ដើម្បីស្វែងរកមនុស្សបាត់ខ្លួនជាង ៥០នាក់ទៀត ប៉ុន្តែពួកគេទំនងជាគ្មានជីវិតនៅរស់ នោះទេ៕