(ភ្នំពេញ)៖ នៅទីបំផុតអង្គភាពព័ត៌មាន Fresh News ដែលជាស្ថាប័នព័ត៌មានឈានមុខមួយនៅកម្ពុជា ដឹកនាំដោយ ស្ថាបនិក និងនាយកប្រតិបត្តិវ័យក្មេង លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាស្ថាបនិក បានប្រឹងប្រែងសាងសង់អគារផ្ទាល់ខ្លួនរួចរាល់ហើយ ដែលនេះជាបំណងប្រាថ្នាដ៏ឆ្អិនឆ្អៅរបស់ខ្លួន។

ពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរឡើងអគារថ្មីនៃអង្គភាពព័ត៌មាន Fresh News ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ពិធីសូត្រមន្តត្រូវបានធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដោយបានការនិមន្តប្រោសព្រំប្រសិទ្ធពរជ័យពីសំណាក់សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃ ៤អង្គផ្សេងទៀត។

ពិធីសូត្រមន្តដំណើរការអគារថ្មីរបស់អង្គភាពព័ត៌មាន Fresh News មានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានផ្នែក និងបុគ្គលិកបម្រើការងារនៅទីស្នាក់ការកណ្តាលជាច្រើននាក់។

អគារអង្គភាពព័ត៌មាន Fresh News នេះ មានកម្ពស់៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។

ទីស្នាក់ការដែលធ្វើពិធីសូត្រមន្តដាក់ឲ្យដំណើរការនៅថ្ងៃនេះ ជាសមិទ្ធផលថ្មីសន្លាង និងជាទ្រព្យសម្បត្តិផ្ទាល់របស់អង្គភាពព័ត៌មាន Fresh News ក្រោមការប្រឹងប្រែងគ្រប់គ្រងដឹកនាំពោរពេញដោយការគិតគូរយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និងជម្នះឧបសគ្គការលំបាកជាច្រើនរបស់សហស្ថាបនិកទាំងពីររូបលោក លឹម ជាវុត្ថា និងលោក គឹម ម៉េង និងសេនាធិការជាក្បាលម៉ាស៊ីនដឹកនាំមួយចំនួន ព្រមទាំងការចូលរួមពុះពារបម្រើការងារយ៉ាងសកម្មភាព និងស្មារតីការងារខ្ពស់ពីសំណាក់បុគ្គលិកគ្រប់រូប។

ការចង់បាន និងចង់ឃើញវត្តមានអគារផ្ទាល់ខ្លួនឈរបង្ហាញរូបរាងឡើង ជាក្តីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់លោកសហស្ថាបនិកទាំងពីររូប សេនាធិការជាក្បាលម៉ាស៊ីន រួមទាំងបុគ្គលិកទាំងអស់ដែលកំពុងបម្រើការងារក្រោមម្លប់អង្គភាព។ ក្នុងពិធីសូត្រមន្តដាក់ដំណើរការអគារផ្ទាល់ខ្លួននេះ ទាំងសហស្ថាបនិក ក្បាលម៉ាស៊ីនដឹកនាំ និងបុគ្គលិកទាំងអស់ សុទ្ធតែបានរំលេចស្នាមញញឹមដ៏ពព្រាយលើផ្ទៃមុខ ជាការបង្ហាញឱ្យឃើញនូវក្តីរីករាយផុសចេញពីក្រអៅបេះដូងចំពោះសមិទ្ធថ្មី ដែលជាក្តីប្រាថ្នាដ៏ធំរបស់ពួកគេនេះ។

លោក លឹម ជាវុត្ថា បានថ្លែងទៅកាន់បុគ្គលិកថា វត្តមានអគាររបស់អង្គភាពព័ត៌មាន Fresh News គឺជាសមិទ្ធផលថ្មីដ៏ធំធេងសម្រាប់អង្គភាពកើតចេញពីការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញ និងស្វាហាប់បំផុតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបរយៈពេលជិត៦ឆ្នាំមកនេះ ជាមួយការឆ្លងកាត់នូវការលំបាក និងឧបសគ្គរាប់មិនអស់។

នាយកប្រតិបត្តិវ័យក្មេង ពោរពេញដោយភាពជាអ្នកដឹកនាំរូបនេះបានគូសរំលេចថា «ពីថ្ងៃនេះទៅពួកយើងមានទ្រនំមួយដ៏កក់ក្តៅដែលជាទ្រព្យសម្បត្តិរបស់ពួកយើងទាំងអស់គ្នា។ អគារនេះកើតចេញពីការប្រឹងប្រែងតស៊ូដ៏ស្វិតស្វាញរបស់ពួកយើង។ យើងនឹងបន្តដើរជាមួយគ្នា ឆ្ពោះទៅមុខជាមួយគ្នា និងជោគជ័យទាំងអស់គ្នា។ ខ្ញុំមិនអាចមានថ្ងៃនេះ ប្រសិនបើមិនមានការចូលរួមពីបងប្អូនទាំងអស់គ្នា»

បើទោះបីជាយ៉ាងណា ទន្ទឹមនឹងការទទួលបានអគារថ្មីជាសម្បត្តិផ្ទាល់របស់អង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា កុលបុត្រខ្មែរដែលផ្តល់តម្លៃខ្ពស់ចំពោះគុណធម៌ ក៏មិនភ្លេចដែរនូវការអរគុណដល់លោកស្រី ទេព កុលាប ម្ចាស់អគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានជួលអគារឱ្យអង្គភាពព័ត៌មាន Fresh News បំពេញការងាររយៈពេល៥ឆ្នាំមកនេះ។

នាយកប្រតិបត្តិ លឹម ជាវុត្ថា ក៏បានឆ្លៀតយកឱកាសនេះ គោរពថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្មទាំងអស់ ដែលចូលរួមសហការ ឧបត្ថម្ភការផ្សាយគ្រប់បណ្តាញ ផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News។ លោក លឹម ជាវុត្ថា បានលើកឡើងថា ការឧបត្ថម្ភ និងសហការផ្សព្វផ្សាយរបស់ម្ចាស់ក្រុមហ៊ុន និងអាជីវកម្មទាំងអស់នេះ ជាបង្អែកដ៏រឹងមាំសម្រាប់ដំណើរការ និងការបោះជំហានរបស់ Fresh News៕