(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំថ្នាក់ដឹកនាំ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចុះសួរសុខទុក្ខនាយនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ។

លោកវរសេនីយ៍ឯក កែវ ស្រេន កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ បានទទួលអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន តាមរយៈលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី រួមមាន ថវិកាចំនួន៦,០០០,០០០រៀល, អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ០៥កេស និងសម្ភារមួយចំនួនទៀត។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ហើយក៏បានណែនាំឲ្យលោកវរសេនីយ៍ឯក កែវ ស្រេន ខិតខំយកចិត្តទុកដាក់មើលថែខ្លួនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ លោកបានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងពីរនាយកដ្ឋាន ដែលបានចូលរួមសួរសុខទុក្ខលោកវរសេនីយ៍ឯក កែវ ស្រេន ផងដែរ៕