(មណ្ឌលគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ប្រទេសកម្ពុជាមានច្បាប់ច្រើនណាស់ ដូច្នេះហើយអ្នកទាំងឡាយណាដែលធ្វើខុសច្បាប់ ត្រូវតែយកច្បាប់មកអនុវត្ត កុំរត់ទៅរកអ្នកមានអំណាចមកជួយអន្ដរាគមន៍។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រងប្រទេសមួយឲ្យទៅជានីតិរដ្ឋ និងតាមគោលការណ៍ប្រជាធិបតេយ្យ ចាំបាច់ណាស់ត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការរត់រកអ្នកអន្ដរាគមន៍នៅពេលធ្វើខុសច្បាប់ គឺមិនត្រឹមត្រូវនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋធ្វើរឿងត្រឹមត្រូវ និងគោរពច្បាប់របស់ប្រទេសកម្ពុជា មានការគាំទ្រ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋណាមួយ ធ្វើខុសច្បាប់ របស់ប្រទេសកម្ពុជា ហើយរត់ទៅរកអ្នកមានអំណាចមកឲ្យជួយអន្ដរាមន៍ គឺមិនត្រូវឡើយ បើធ្វើខុសច្បាប់ត្រូវទទួលយកតាមផ្លូវច្បាប់»

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បើតាមច្បាប់គ្រប់គ្រងរដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺរដ្ឋបាលស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រោះពួកគាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះត្រូវខិតខំប្រឹងប្រែង ក្នុងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ ក្នុងការជួយដោះស្រាយបញ្ហាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានរៀបរាប់ថា រដ្ឋបាល ស្រុក ខណ្ឌ មានសិទ្ធិធ្វើរបាយការណ៍ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដោយត្រង់ផងដែរ។ ប៉ុន្ដែរាល់លិខិតរបស់រដ្ឋបាល ស្រុក ខណ្ឌ ដែល បានផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ត្រូវមានលិខិតចម្លងមួយច្បាប់ ផ្ញើមកក្រសួងមហាផ្ទៃ ព្រោះក្រសួងមហាផ្ទៃ ជាអ្នកតាមដាន រាជធានី-ខេត្ត ទើបហៅថា «ធ្វើការងារតាមច្បាប់»