(ភ្នំពេញ)៖ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារនាំយកអំណោយ មានជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន ២៥គ្រួសារ រស់នៅក្រុមទី៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ លោក ជា ពិសី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបទុក្ខ ងាយរងគ្រោះ និងបានណែនាំឲ្យថែទាំសុខភាពឲ្យបានល្អ ដោយត្រូវរស់នៅស្អាត និងពិសារស្អាត ដើម្បីចៀសវាងបានពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

លោក ជា ពិសី បានសង្កត់ធ្ងន់ថា ចំពោះអំណោយសប្បុរសធម៌ ដែលនាំយកមកឧបត្ថម្ភជូនប្រជាពលរដ្ឋនាពេលនេះ គឺអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការយកចិត្តទុកដាក់ និងជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅលើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។

ក្នុងឱកាសទទួលអំណោយសង្គ្រោះនោះ ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ជា ពិសី ជាមួយមន្ត្រីពាក់ព័ន្ធនៃអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលបានយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលកំពុងជួបបញ្ហាខ្វះខាត ដោយគ្មានការរើសអើងឡើយ៕