(ភ្នំពេញ)៖ ចក្ខុវិស័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺផ្តោតលើយុត្តិធម៌និងការចងចាំដែលជាគ្រឹះ ក្នុងការធ្វើឲ្យសះស្បើយសម្រាប់អ្នករស់រានមានជីវិតនៃរបបខ្មែរក្រហម លើកេរដំណែលប្រកបដោយវិនាសកម្មនៃរបបនេះ។

មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រើប្រាស់មធ្យោបាយការអភិរក្សសិល្បៈវប្បធម៌ និងបេតិកភណ្ឌជាតិមួយចំនួន ដែលជាមូលដ្ឋានសំខាន់ក្នុងការផ្សះផ្សា។ នៅឆ្នាំ២០១៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមសិក្ខាសាលារៀបចំឡើងដោយសារមន្ទីរជាតិឥណ្ឌូនេស៉ី ស្តីអំពីប្រធានបទការការពារនិងថែរក្សា។

នៅទីនោះក្រុមការងារបានប្រាស្រ័យនឹងសិល្បករឥណ្ឌូនេស៉ីមួយរូប គឺលោក នីយូម៉េននូអាតា (Nyoman Nuata) ដែលមានជំនាញផ្នែកសិល្បៈចម្លាក់។ ក្រុមការងារបានលើកឡើងអំពីការសហការជាមួយសិល្បកររូបនេះ បង្កើតរូបចម្លាក់មួយតំណាងឲ្យស្ត្រីកម្ពុជា ដែលជាទស្សនវិស័យមួយបានរំលេចឡើងជាសាធារណៈតាំងពីឆ្នាំ២០០៨មកម្ល៉េះ។

លោកនីយូម៉េន និងភរិយាបានធ្វើទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីប្រមូលគំនិតទាក់ទងនឹងរូបចម្លាក់ ព្រមទាំងធ្វើបទសម្ភាសជាមួយស្រ្តីមួយចំនួនដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។ ជាលទ្ធផលនៃដំណើរទស្សនកិច្ច លោកនីយ៉ូមេន បានបង្កើតស្នាដៃរូបចម្លាក់តំណាងស្រ្តីមួយជូនមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីផ្តល់កិត្តិយស និងសេចក្តីគោរពដល់ស្រ្តីខ្មែរដោយដាក់ងារថា «រូបបដិមាវីរស្រ្តីកម្ពុជានៃក្តីសង្ឃឹម» («PILLAROFHOPE»)។

រូបបដិមាវីរស្រ្តីកម្ពុជានៃក្តីសង្ឃឹម មានមូលន័យដូចតទៅ៖

ក្នុងសម័យកាលដ៏ខ្មៅងងឹតជីវិតមនុស្សហាក់ដូចជាគ្មានអត្ថន័យ។ ការសម្លាប់រង្គាលបានកើតឡើងដោយគ្មានមូលហេតុអ្វីទាល់តែសោះ។ មានតែអ្នកមានអំណាចប៉ុណ្ណោះ ដែលអាចមើលឃើញអនាគតរបស់ខ្លួនព្រមទាំងបានប្រាថ្នាលើសពីអ្វីដែលខ្លួនត្រូវការ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅនិងការបង្ហូរឈាមជាតិសាសន៍ខ្លួនបានកើតឡើង។ ខ្មែរក្រហមបានធ្វើឲ្យស្ត្រី និងកុមារជាច្រើនរស់នៅដោយគ្មានស្វាមី និងឪពុកដែលជាមេគ្រួសារ។ គ្រប់គ្នាទូទាំងពិភពលោកបានដឹងថា មានអំពើប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែមានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ដែលបានដឹងថាស្ត្រីគឺជាអ្នកបានតស៊ូជម្នះរាល់ឧបសគ្គទាំងអស់ ក្រោយពីរបប ប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនៗកសាងជីវិតនិងប្រទេសជាតិរបស់ខ្លួនសាជាថ្មីឡើងវិញ។ រូបបដិមានេះ គឺជាការឧទ្ទិសដល់ស្ត្រីទាំងអស់ដែលជាវីរស្ត្រីកម្ពុជា។

ដោយសារបញ្ហាប្រឈមមួយចំនួនដូចជាការដឹកជញ្ជូនរូបចម្លាក់ ពីប្រទេសឥណ្ឌូនេស៉ីមកកាន់ប្រទេសកម្ពុជា និងទីតាំងស័ក្កសមសម្រាប់ដាក់តម្កល់ស្នាដៃដ៏ប្រណិតនេះ ធ្វើឲ្យមានការរាំងស្ទះទទួលយករូបចម្លាក់នេះ មកកាន់ប្រទេសកម្ពុជា។ ក្រោយមកសិល្បករនីយូម៉េន បានដាក់រូបចម្លាក់នេះចូលរួមក្នុងកម្មវិធីដេញថ្លៃសិល្បៈ និងត្រូវបានទិញយកដោយសហគ្រិនម្នាក់ក្នុងឆ្នាំ២០១៩។

ទោះបីជារូបចម្លាក់នេះ មិនអាចបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី ដំណើរការពីដើមដំបូងរហូតដល់រូបចម្លាក់លេចចេញជារូបរាង គឺជាបទពិសោធន៍មួយនិងជាការផ្ទេរចំណេះដឹងក្នុងវិស័យចម្លាក់។ គួររំឭកថាក្រៅពីរូបចម្លាក់នេះឥណ្ឌូនេស៉ី និងកម្ពុជាក៏ធ្លាប់មានទំនាក់ទំនងផ្នែកសិល្បៈយ៉ាងជិតស្និតជាមួយគ្នា នារយៈពេលកន្លងមកទៅលើផ្នែករបាំ ដែលមានសម្តេចព្រះរាមបុប្ផាទេវីរាំរបាំអប្សរាឥណ្ឌូនេស៉ី បានយ៉ាងល្វត់ល្វន់ដើម្បីទទួលស្វាគមន៍គណៈប្រតិភូបរទេស។ មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែបន្តបំពេញការងារដើម្បីបព្វហេតុការពារ និងអភិរក្សសិល្បៈវប្បធម៌ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវអប់រំនៅកម្ពុជា។

«បណ្ណាល័យសម្តេចម៉ែ» ចាប់បដិសន្ធិឡើងដើម្បីថ្វាយព្រះរាជកិត្តិយសជូនសម្តេចម៉ែ និងស្ត្រីកម្ពុជាគ្រប់រូប។ ស្ត្រីកម្ពុជា បានខិតខំប្រឹងប្រែងដោយមិនរួញរា ក្នុងការស្ដារលើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មីតាមរយៈការចិញ្ចឹមបីបាច់គ្រួសារក្តាប់យក និងពង្រីកឱកាសសេដ្ឋកិច្ចអភិរក្សការពារ និងពង្រឹងសហគមន៍វប្បធម៌និងប្រទេសជាតិរបស់ខ្លួនក្រោយពេលដែលរបបខ្មែរក្រហម បានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ «បណ្ណាល័យសម្ដេចម៉ែ» បង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជាទាំងនៅក្នុងអតីតកាលបច្ចុប្បន្នកាល និងអនាគតកាល។

ដើម្បីទទួលស្គាល់និងអបអរសាទរចំពោះសមិទ្ធផលដ៏វិសេសវិសាល របស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្ញៀវកិត្តិយសចំនួន១០រូប តំណាងឲ្យស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៉ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត ហូលីយ៉ូអេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិ របស់សម្តេចព្រះបរមរតនកោដ្ឋ បានរៀបរាប់ជូនភ្ញៀវកិត្តិយសអំពី៖ ១៖ ពិព័រណ៍សំខាន់ៗទាំងពីររបស់បណ្ណាល័យសម្តេចម៉ែរួមមានពិព័រណ៍ព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ និងអត្ថន័យប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហាហាឌីដ ដែលជាស្ថាបត្យករល្បីល្បាញ និងកម្រមួយរូប និង២៖ បរិក្ខារនានា និងម៉ាស៉ីនផ្ទុកឯកសារជាទម្រង់ឌីជីថលរបស់បណ្ណាល័យសម្តេចម៉ែ។

លោកស្រី សូហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០ ដែលជាផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការនៅក្នុងក្របខណ្ឌនៃសំណុំរឿង ០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០១៣។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចប្រតិភូកិត្តិយស និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានពិភាក្សាលើប្រធានបទជុំវិញការងារផ្សេងៗ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើកន្លងមក នឹងកំពុងបន្តអនុវត្ត។

ទន្ទឹមនឹងនេះលោកឆាំងយុបានបកស្រាយអំពីគោលគំនិតក្នុងការប្រើប្រាស់សិល្បៈ និងគំនូរដើម្បីអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ ទៅកាន់សាធារណជន។ លោកបានរំលេចឡើង អំពីការងារសិល្បៈមួយចំនួនដែលមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រតិបត្តិរួមមានល្ខោននិយាយខ្សែភាពយន្តឯកសារការផលិតភាពយន្តខ្នាតខ្លី និងការស្រាវជ្រាវលើសិល្បៈបុរាណ និងសហសម័យរបស់កម្ពុជា។

លោកស្រី ឡោទី នីអា តំណាងឲ្យប្រតិភូកិត្តិយស និងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៉ីប្រចាំនៅកម្ពុជា បានចារចំណារអនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានអត្ថន័យដូចតទៅ៖

យើងខ្ញុំពិតជាសូមអរគុណជាពន់ពេកសម្រាប់ទស្សនកិច្ចក្នុងថ្ងៃនេះ ដោយយើងខ្ញុំបានសិក្សាជ្រួតជ្រាបអំពីរឿងរ៉ាវជាច្រើន។ យើងខ្ញុំ ជឿជាក់ថាដំណើរទស្សនកិច្ចនេះពិតជាអាចជួយឲ្យយើងសិក្សាអំពីប្រវត្តិសាស្រ្ត ហើយយើងខ្ញុំសង្ឃឹមថាជនជាតិឥណ្ឌូនេស៉ីជាច្រើនទៀត នឹងអាចធ្វើទស្សនកិច្ចមកកាន់ «បណ្ណាល័យសម្តេចម៉ែ» ដើម្បីសិក្សាអំពីប្រវត្តិសាស្រ្តរៀនសូត្រពីបទពិសោធន៍ និងបន្តដំណើរទៅមុខដើម្បីអនាគតដ៏ប្រសើរ។ ហើយជាការពិតណាស់អ្វីទាំងអស់នេះ គឺជាការចងចាំដ៏វិសេសវិសាលមួយសម្រាប់យើងខ្ញុំ។ សូមជូនពរ នូវជោគជ័យដល់មជ្ឈមណ្ឌលឯកសារកម្ពុជា៕