(ភ្នំពេញ)៖ ទស្សនាខ្សែវីដេអូឯកសារថ្ងៃនេះ បើគេរាប់ត្រឡប់ថយក្រោយទៅ២៩ឆ្នាំមុន បើគ្មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ចុះអំពាវនាវ និងអន្តរាគមន៏ដោយផ្ទាល់ទេ ម្ល៉េះជីវិតអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និងសហការីរបស់លោកច្បាស់ជាមិនអាចរស់រានមានជីវិតមកដល់ថ្ងៃនេះឡើយ ព្រោះកំហឹងរបស់ប្រជាជន និងមន្ត្រីរដ្ឋការទៅលើមេដឹកនាំខ្មែរក្រហមកាលណោះប្រៀបដូចយកប្រេងសាំងទៅជះលើអណ្ដាតភ្លើង។

សូមរំលឹកថា កាលពី២៩ឆ្នាំមុន គឺនៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្រោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ក្រុមមេដឹកនាំខ្មែរក្រហមដែលមាន ខៀវ សំផន និង សុន សេន តំណាងឲ្យក្រុមកម្ពុជាប្រជាធិបតេយ្យបានដឹកនាំគណៈប្រតិភូរបស់ខ្លួន ធ្វើដំណើរតាមយន្តហោះពីបាងកក ប្រទេសថៃ មកភ្នំពេញ ដើម្បីបើកការិយាល័យរបស់ខ្លួន ត្រៀមចូលរួមកិច្ចប្រជុំ SNC លើកទី១។ ប៉ុន្តែវត្តមានមេៗខ្មែរក្រហមខាងលើនេះបានដុតបញ្ឆេះកំហឹងប្រជាជន មន្ត្រីរដ្ឋការ នៅទីក្រុងភ្នំពេញរាប់ពាន់រាប់ម៉ឺននាក់ ដែលស្អប់ពួកខ្មែរក្រហម និងមេដឹកនាំរបស់ពួកគេនាំគ្នាធ្វើបាតុកម្មប្រឆាំងឡើងកក្រើកទីក្រុងភ្នំពេញនាថ្ងៃនោះ។

បើគេចាំមិនភ្លេចទេ ព្រឹកនោះគ្រាន់តែមន្ត្រីរដ្ឋការ និងប្រជាជនទទួលបានដំណឹងថា មេៗខ្មែរក្រហមដែលដឹកនាំដោយ ខៀវ សំផន និង សុន សេន បានធ្វើដំណើរ តាមយន្តហោះមកចុះនៅព្រលានពោធិ៍ចិនតុង ហើយនឹងមកស្នាក់នៅការិយាល័យរបស់ខ្លួនដែលស្ថិតនៅផ្ទះវីឡាមួយ នៅតាមបណ្ដោយផ្លូវភ្លោះអូរឬស្សី (ផ្លូវលេខ២១៤) ភ្លាម ប្រជាជន និងមន្ត្រីរដ្ឋការបាននាំគ្នាទៅចោមរោម ដើម្បីប្រឆាំងទៅនឹងវត្តមានរបស់មេៗដឹកនាំខ្មែរក្រហមខាងលើនេះ ដោយសារតែនៅក្នុងរបបដែលពួកគេដឹកនាំបានកាប់សម្លាប់ និងធ្វើទារុណកម្មធ្វើឲ្យប្រជាជនរងទុក្ខវេទនារកអ្វីថ្លែងមិនបាន។

ម៉ោងប្រមាណ៩-១០ព្រឹក នៅពីមុខវីឡាដែលលោក ខៀវ សំផន និង សុន សេន ស្នាក់នៅមុនដំបូងគេឃើញមានតែអ្នករត់កង់ឌុប អ្នករត់ស៉ីក្លូ ម៉ូតូឌុប មន្ត្រីរដ្ឋការ និងប្រជាជននៅក្បែរៗនោះឈរជជែកគ្នាជុំៗពីរឿងព្រៃផ្សៃនៃរបបខ្មែរក្រហមដឹកនាំ អ្នកខ្លះស្រែកឡើងថា ដោយសារតែពួកវានឹងហើយទើបធ្វើឲ្យខ្លួនបាត់បង់ឪពុក-ម្ដាយ បាត់បង់បងប្អូន ខ្លះធ្លាក់ខ្លួនពិការ បាត់បង់ផ្ទះសំបែង អ្នកខ្លះស្រែកថា បង្ខំអញធ្វើការចង់ងាប់មិនឲ្យបាយអញស៉ី។ល។

ហើយគេក៏ឮសម្លេងស្រែកចេញពីក្នុងហ្វូងមនុស្ស ដែលកំពុងឈរជជែកគ្នាជុំៗនោះថា យើងមិនត្រូវការពួកខ្មែរក្រហមទេ យើងត្រូវតែបណ្ដេញពួកគេ ទៅវិញ....ហើយសម្លេងទាមទារឲ្យពួកខ្មែរក្រហមចាកចេញបានលាន់ឮទ្រហឹងពេញពីមុខផ្ទះវីឡាដែល ខៀវ សំផន សុន សេន និងសហការីកំពុងស្នាក់នៅខាងក្នុង និងចំនួនមនុស្សក៏ចាប់ផ្ដើមកើនឡើងៗរហូតដល់ណែនតាន់តាប់ពេញផ្លូវភ្លោះ។

ខណៈនោះកម្លាំងនគរបាល ក៏ត្រូវបានគេបញ្ជូនមកដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ តែកំហឹងរបស់ប្រជាជន និងមន្ត្រីរដ្ឋការពេលនោះកាន់តែច្រើនឡើងៗ រហូតដល់ផ្ទុះទៅជាអំពើហឹង្សាប្រើដំបង ដុំថ្ម គប់សំដៅទៅលើផ្ទះវីឡានោះ ខ្លះទាញបំបាក់ដែករបង ខ្លះទាញកម្ទេចទ្វារ ហើយអ្នកខ្លះក៏ស្រែកសម្រុកចូល សម្លាប់ពួកវាចោលទៅ...ដោយស្ថានការណ៏កាន់តែធ្ងន់ធ្ងរទៅៗ កម្លាំងបង្ក្រាបបាតុកម្ម រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានគេបញ្ជូនទៅអន្តរាគមន៏ កំណាត់ផ្លូវភ្លោះពីរង្វង់មូលវត្តសំពៅមាសរហូតទល់ ផ្លូវព្រះមុនីវង្ស ពោពេញទៅដោយហ្វូងមនុស្ស ខណៈអាជ្ញាធរសមត្ថកិច្ចបានព្យាយាមពន្យល់បាតុករកុំឲ្យប្រើអំពើហឹង្សា និងរំសាយ តែហាក់ដូចមិនបានផលសោះ។

នៅពីមុខផ្ទះវីឡា ភ្លើងក៏ចាប់ផ្ដើមឆាបឆេះឡើងដោយសារតែហ្វូងបាតុករបានយកសម្ភារៈចេញពីក្នុងផ្ទះមកគដុត សូម្បីតែលុយដុល្លាររបស់ពួកខ្មែរក្រហម ក៏បាតុករមិនត្រូវការ ហើយនាំគ្នាយកមកដុតចោលដែរ។ សូម្បីតែទីស្នាក់ការប៉ុស្ដិ៍បឹងព្រលិតនៅក្បែរនោះក៏ត្រូវបាតុករចោមរោមវាយបំផ្លាញដោយសារតែបាតុករចោទថា សមត្ថកិច្ច កាន់ជើងការពារពួកខ្មែរក្រហម។

ថ្ងៃកាន់តែជ្រែបន្តិច ទើបគេឮសម្លេងបុរសម្នាក់ស្រែកអំពាវនាវតាមមេក្រូ ចេញពីលើរថយន្តសមត្ថកិច្ចដោយអំពាវនាវសូមឲ្យប្រជាជនស្ងប់ស្ងាត់ កុំប្រើអំពើហឹង្សា ហើយរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យល្អ ដើម្បីសន្តិភាពប្រទេសយើង... សូមបងប្អូនកុំប៉ះពាល់ពួកគេអី (ពួកខ្មែរក្រហម) ដែលបុរសម្នាក់នោះគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ខណៈវត្តមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះអន្តរាគមន៏ផ្ទាល់ រថពាសដែក និងកម្លាំងអន្តរាគមន៏ ក៏ត្រូវបានបញ្ជូនចូលហើយហ្វូងបាតុករក៏ហាក់បន្ទន់ឥរិយាបទបន្តិច ទើបកម្លាំងសមត្ថកិច្ចទាំងនៅខាងក្នុង និងខាងក្រៅឆក់ឱកាសជន្លៀសលោក ខៀវ សំផន, លោក សុន សេន និងសហការីចេញពីក្នុងផ្ទះ ចូលទៅក្នុងរថពាសដែក បើកចេញឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរទៅប្រទេសថៃវិញដោយសុវត្ថិភាព បើទោះបីពួកគេរងនូវភាពអាម៉ាស់ ដោយសារប្រជាជនធ្វើបាតុកម្មប្រឆាំង លោក ខៀវ សំផន ត្រូវបាតុករគប់បែកក្បាលក៏ដោយ។

ព្រឹត្តការណ៏ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ អ្នកឃើញហេតុការណ៏បានលើកឡើងថា ថ្ងៃនោះបើគ្មានវត្តមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះអន្តរាគមន៏បញ្ជាផ្ទាល់ទេ ម្ល៉េះលោក ខៀវ សំផន លោក សុន សេន និងសហការីច្បាស់ជាមិនអាចមានជីវិតរស់រានបានឡើយ ព្រោះកំហឹងប្រជាជនជាបាតុករនៅថ្ងៃនោះខ្លាំងក្លាណាស់ ហើយ ផ្ទះវីឡាដែលជាការិយាល័យរបស់ពួកគេស្នាក់នៅ និងធ្វើការត្រូវបានបាតុករដុតកម្ទេចចោលស្ទើរតែដួលរលំ៕