(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Anirut Rattaporn សេនានុព័ន្ធថ្មី របស់កងទ័ពជើងអាកាសភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ ជំនួបពិភាក្សាការងារខាងលើនេះបានធ្វើឡើងនៅអគារមិត្តភាព។

នាឱកាសនោះដែរនាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងថា តាងនាមឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល សូមស្វាគមន៍ ន ិងសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក Anirut Rattaporn សេនានុព័ន្ធថ្មី របស់កងទ័ពជើងអាកាសភូមិន្ទថៃ ប្រចាំកម្ពុជា ដែលត្រូវបានតែងតាំងថ្មីនេះ។

នាយឧត្តមសេនីយ៍ថា បានគូសបញ្ជាក់ថា សម្រាប់ជំនួបនាថ្ងៃនេះ គឺជាឱកាសមួយសម្រាប់បង្កើនចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលមានរយៈពេលយូរអង្វែងមកហើយនោះឱ្យបន្តកាន់តែរឹងមាំបន្ថែមទៀតជាដើម។ ព្រមទាំងបង្ហាញនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនានា បើទោះបីជាមិនបានជួបគ្នាដោយផ្ទាល់ដោយសារតែបញ្ហារីករាលរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែ ថ្នាក់ដឹកនាំកងទ័ពទាំងបានបានបើកកិច្ចប្រជុំមួយចំនួនតាមរយៈប្រព័ន្ធវីដេអូ ឬក៏ផ្ញើឯកសារផ្សេងៗតាមរយៈមន្ត្រីទូត ឬសេនានុព័ន្ធយោធារវាងគ្នាទៅវិញ ទៅមកជាដើម។

នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជម្រាបជូនពីស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជូនដល់សេនានុព័ន្ធថ្មី របស់កងទ័ពជើងអាកាសភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹងផងដែរ។

លោកវរសេនីយ៍ឯក Anirut Rattaporn បានជម្រាបជូននាយឧត្តមសេនីយ៍ នាង ផាត ថា បើទោះបីជាប្រទេសទាំងពីរកំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែ មិនអាចរារាំងដល់កិច្ចការទំនាក់ទំនងទ្វេភាគីរវាងក្រសួងការពារជាតិថៃ និងក្រសួងការពារជាតិកម្ពុជា ជាដាច់ខាត។ ខណៈទំនាក់ទំនងនេះនៅតែបន្តមិនរារែកនោះទេ។

លោកវរសេនីយ៍ឯក Anirut Rattaporn បានបន្តថា ក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងកងទ័ពទាំងបី ប្រភេទនៃកងទ័ពភូមិន្ទថៃ បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកងយោធពលខេមរភូមិន្ទ ដែលក្នុងអាណត្តិការទូតយោធា តំណាងឱ្យកងទ័ពទាំង៣ប្រភេទ កងទ័ពភូមិន្ទថៃ នៅកម្ពុជា បានបង្កគ្រប់លក្ខណៈសម្បត្តិ ជំរុញឱ្យបេសកកម្មការទូយោធា របស់លោកទទួលបានជោគជ័យ ក្នុងការពង្រឹងពង្រីកចំណងទាក់ទង នៃការរឹតចំណងសាមគ្គី មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ថៃ-កម្ពុជា កាន់តែល្អប្រសើរ៕