(បន្ទាយមានជ័យ)៖ ​នៅ​យប់​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​៣​នាក់ និង​ដកហូត​វត្ថុតាង​សំរាប់​ជក់​ថ្នាំញៀន​រួមមាន​ថង់​កែច្នៃ​សំរាប់​ដាក់​ថ្នាំញៀន​១​ថង់ ដែកកេសសំរាប់​ជក់​ថ្នាំ​៨ ទែ​រ​ម៉ូ​ម៉ែត្រ​១ គំរប​ដប​កែច្នៃ​សំរាប់​ជក់​ចំនួន​២ និង​កាំបិត​ដង​ឈើ​១ ។

​នគរបាល​ក្រុង​សិរីសោភ័ណ ​បាន​សហ​ការណ៍​ជាមួយ​កំលាំង​នគរបាល​ប្រឆាំង នឹង​ការជួញដូរ​គ្រឿងញៀន​បាន​ចុះបង្ក្រាប​ករណី​ជក់​គ្រឿង​ញឿ​ន​ខុសច្បាប់​មួយកន្លែង​នៅ​ចំណុច​ ​ផ្លូវ​ចូល​ខាងកើត​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ​ក្នុង​ចំណុច​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ចាប សុ​ផា​ឬទ្ធិ ស្នងការរង​នគរបាល​ខេត្ត​ គ្រប់គ្រង​ផ្នែក​គ្រឿងញៀន​បាន​ឲ្យ​ដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​១​ឈ្មោះ ស៊ឹម សារ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទី២​មានឈ្មោះ សុក គឹម​ស៊ួ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​៣ ​មានឈ្មោះ គង់ សុធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ទាំង​៣​នាក់​នៅមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា ខ្លួន​ទាំង​៣​នាក់​ពិតជា​បាននាំគ្នា​លួច​ជក់​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ពិតប្រាកដ​មែន។ ក្រោយពី​បាន​ចំលើយសារភាព​ហើយ​ជនសង្ស័យ​ទាំង​៣​នាក់ ​ត្រូវ​នគរបាល​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕