(កណ្ដាល)៖ ពលរដ្ឋខ្មែរឥស្លាមចំនួន១,០០០គ្រួសារ ចែកចេញជា២ស្រុក/ក្រុង ពោលក្រុងតាខ្មៅ មានចំនួន៥៥០គ្រួសារ និងស្រុកកោះធំ មានចំនួន៤៥០គ្រួសារ ទទួលបានអំណោយ មនុស្សធម៌ក្រោមម្លប់សន្តិភាព ក្រោមអធិបតីលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់, លោក ចៅ តុល, លោកបណ្ឌិត ម៉ៅ ភិរុណ និងលោក គង់ សោភ័ណ្ឌ ព្រមទាំងផ្ដាំផ្ញើឲ្យពលរដ្ឋទាំងអស់គ្នារួមគ្នា ថែរក្សាសន្តិភាពដែលសម្ដេចតេជោ ហ៊ុន សែន ប្ដូរជីវិតយកមកបានដោយលំបាក។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា «យើងត្រូវដឹងថា អ្វីទាំងអស់នេះផ្តើមចេញពីសុខសន្តិភាព ហើយអ្វីដែលពិសេសបំផុតនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ ដែលទទួលបានការកោតសរសើរ ពីប្រធានអង្គការ សហប្រតិបត្តិការឥស្លាម OIC ដែលមានប្រទេសជាសមាជិកចំនួន៥៧ប្រទេស»

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានពន្យល់លម្អិតជុំវិញតម្លៃ នៃសន្តិភាពដែលរកបានមកដោយលំបាកលំបិនបំផុត ខណៈដែលសម្ដេចតេជោ ហ៊ុន សែន និងសហការី យកជីវិតទៅប្ដូរទើបធ្វើស្រុកទេសយើងមានសុខសានត្រាន ស្គាល់ការរីកចម្រើនស្គាល់ភាពស៊ីវីល័យ សេដ្ឋកិច្ចរីកចម្រើនលូតលាស់ និងពលរដ្ឋ មានជីវភាពកាន់តែធូរធារឡើងៗ ដែលនេះជាស្នាដៃដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងសូមបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជាជារៀងរហូត។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ខ្មែរ និងសាសនិកឥស្លាមទាំងអស់គ្នា ត្រូវរស់នៅក្នុងសហគមសន្តិភាព ឲ្យមានកិត្តយស ចៀសវាងការប្រកាន់ រើសអើងគ្នា ប្រកាន់ពូជសាសន៍ សាសនានេះ សាសនានោះ ដែលការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវទេខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអនុវត្តន៍ នូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត។

ទន្ទឹមនឹងកម្មវិធីនេះ លោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ក៏បានជូនពរឲ្យប្រជាពលរដ្ឋមានសុខភាពល្អ រកទទួលមានបាន ពិសេសរដ្ឋបាលខេត្តកណ្ដាល តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនាមគណបក្សប្រជាជន ទីណាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជា ចុះជួយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ ពិសេសសូមចូលរួមអនុវត្តន៍តាមវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ស្ថិតក្នុងឱកាសនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានកោតសរសើរដល់ពលរដ្ឋទាំងអស់ ដែលរស់នៅជាមួយគ្នា ប្រកបដោយសុខសន្តិភាព និងយោគយល់អធ្យាស្រ័យគ្នាល្អ ហើយបន្តការររស់នៅប្រកបដោយសុខដុមនីយកម្ម ខណៈប្រទេសកម្ពុជា កំពុងមានការរីកចម្រើនទៅមុខជាលំដាប់។

ជាមួយគ្នានេះ លោក គង់ សោភ័ណ អភិបាលខេត្ត ក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ ដែលជាការព្រួយបារម្ភសកលតែរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាព តែទោះបីយ៉ាងណា លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការឆ្លង នៃជំងឺនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា អំណោយទាំងនេះទទួលបានការឧបត្ថម្ភពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការ ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF), សមាគមយុវជនមុស្លិមកម្ពុជា (CMYA), សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) និងសមាគមនារីមុស្លិមកម្ពុជា (CIWODA) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, មី១០កញ្ចប់, សាប៊ូដុះខ្លួន៤ដុំ, សាប៊ូលាងចាន១ដប និងអំបិល១គីឡូក្រាម៕