(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតប និងស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» ដោយមានការចូលរួមបកស្រាយពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីគោលនយោបាយជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើអន្ដរាគមន៍ក្នុងការស្ដារឡើងវិញ លើវិស័យកសិកម្មដែលរងផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់នារយៈពេលកន្លងមក។

របាយការណ៍របស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្ទៃដីដំណាំស្រូវរដូវវស្សាដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតចំនួន ១៣៥,៤៣៣ហិកតា ក្នុងនោះខូចខាតអស់ចំនួន ១៤,១៧២ហិកតា និងបានស្តាឡើងវិញបានចំនួន ៦,៦៥១ហិកតា។

ដោយឡែក ចំពោះស្រូវរដូវវស្សា ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ៣០៤,៨២១ហិកតា ក្នុងនោះខូចខាតអស់ចំនួន ១២៥,៧៧០ហិកតា និងបានស្តារឡើងវិញចំនួន ១៩,៩៩៣ហិកតា។

លោកបន្ដថា កិច្ចអន្តរាគមន៍ស្តារការដាំដុះដំណាំស្រូវស្តារឡើងវិញ បន្ទាប់ពីទឹកជំនន់ឆ្នាំ២០២០ ក្រសួងបានផ្តល់គ្រាប់ពូជស្រូវចំនួន ៦,៥៧៨តោន ចែកជូនប្រជាជនប្រមាណ ៦៥,៧៨០គ្រួសារ ដើម្បីអន្តរាគមន៍ក្នុងឆ្នាំ២០២០ ដល់ខេត្តចំនួន១៩ រួមមាន ពោធិ៍សាត់, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, កំពង់ធំ, កំពង់ចាម, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្តាល, តាកែវ, កំពត, កំពង់ស្ពឺ, រាជធានីភ្នំពេញ, កំពង់ឆ្នាំង, ព្រះវិហារ, ស្ទឹងត្រែង និងខេត្តប៉ៃលិន។

មកដល់ពេលនេះ ផ្ទៃដីដំណាំស្រូវដែលបានដាំដុះស្តារឡើងវិញមានចំនួន ២០,៥៨៥ហិកតា។ បន្ថែមពីនេះ បានផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ សម្រាប់អន្តរាគមន៍គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបអស់ចំនួន ៣២,៣៧៦គីឡូក្រាម ដល់កសិករចំនួន ៩៧,៩៦៦គ្រួសារ ដែលគ្រួសារនីមួយៗ ទទួលបាន៤ ទៅ៦មុខដំណាំ៕