(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលមុខជំនាញ ឯកទេសការពារគីមីសាស្រ្តជំនាន់ទី៩ នៅសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅក្នុងសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការបានឲ្យដឹងថា អង្គភាពគីមីសាស្រ្តបានបង្កើតឡើង នៅឆ្នាំ១៩៨៤ មានតួនាទីធ្វើជាសេនាធិការឲ្យអគ្គបញ្ជាការ ក្នុងភារកិច្ចការពារ និងសង្រ្គោះប្រឡាក់ជាប់ជាតិពុលសារធាតុគីមីនៅលើសមរភូមិ និងទីប្រជុំជនដែលយុទ្ធជន និងប្រជាពលរដ្ឋដែលត្រូវសារធាតុពុលគីមីដោយអាវុធជីវសាស្ត្រ។

ឧត្ដមសេនីយ៍ឯក ឈឹម សាវុធ បានបញ្ជាក់ថា កន្លងមកនេះក្រៅពីភារកិច្ចស្នូល អង្គភាពការពារគីមីសាស្រ្តនៅបានយកចិត្តទុកដាក់ជាប្រចាំលើការងារហ្វឹកហ្វឺនជំនាញបានជាច្រើនវគ្គ ជាក់ស្ដែងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឯកទេសគីមីសាស្រ្តជំនាន់ទី៩នាពេលនេះ បានដំណើរការរយៈពេល ៩ខែ មានសិក្ខាកាម ៧៧នាក់ សិក្សាលើមុខវិជ្ជាមួយចំនួនដូចជា សណ្តាប់ធ្នាប់យោធា ឋានលេខា និង ឯកទេសការពារគីមីសាស្រ្ត។ ជាលទ្ធផល សិក្ខាកាម ២៣ នាក់ ទទួលបាននិទ្ទេសល្អ, ៣៨ នាក់ ទទួលបាននិទ្ទេសល្អបង្គួ និង ១៦នាក់ ទទួលបាននិទ្ទេសមធ្យម។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នៅគ្រប់កាលៈទេសៈ ការងារហ្វឹកហ្វឺន នៅតែជាកិច្ចការមួយមានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ សមត្ថភាពយោធិនលើគ្រប់ជំនាញ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចការពារជាតិមាតុភូមិ ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគតយូរអង្វែង។

នាយឧត្ដមសេនីយ៍ បានថ្លែងបន្តថា ជាការពិត ការហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្ត្រនៅពេលនេះ ធ្វើឡើងមិនមែនសម្រាប់តែនៅសាលាហ្វឹកហ្វឺនប៉ុណ្ណោះទេ តែក៍ត្រូវធ្វើការបំប៉ន បង្កើនសមត្ថភាពបច្ចេកទេសជំនាញបន្ថែម ដើម្បីធានាបានការការពារគីមីសាស្ត្រក្នុងកងទ័ព និងប្រជាពលរដ្ឋ ក្នុងករណីដែលមានហេតុការណ៍កើតឡើង។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទើបបញ្ចប់វគ្គទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារជំនាញនៅតាមអង្គភាពរបស់ខ្លួន ដោយត្រូវចេះបញ្ជ្រៀបខ្លួន តស៊ូជំនះឧបសគ្គ និងខិតខំសិក្សារៀនសូត ស្រាវជ្រាវបន្ត។ សំខាន់ជាងនេះ ក្នុងនាមជាកុលបុត្រកុលធីតាកម្ពុជា យោធិនគ្រប់រូបត្រូវមានទឹកចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពនយោបាយជាតិ ទោះក្នុងតម្លៃណាក៍ដោយ។

នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងបំពាក់ឋានន្តរស័ក្ដិដល់សិក្ខាកាមផងដែរ៕