(ភ្នំពេញ)៖ បន្ទាប់ពីផ្អាកប្រតិបត្តិការហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងរាជធានីភ្នំពេញ មួយរយៈធំដោយសារវិបត្តិនៃជំងឺកូវីដ១៩, នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) របស់ជប៉ុនបានប្រកាសថា ខ្លួននឹងដំណើរការហោះហើរត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញ ឡើងវិញនៅដើមខែធ្នូ ឆ្នាំ២០២០។

ការសម្រេចហោះហើរឡើងវិញនេះ គឺជាដំណឹងល្អមួយ ដែលបង្ហាញពីការទុកចិត្តពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ក៏ដូចជាប្រជាជនជប៉ុន លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ យ៉ាងល្អប្រសើរ រហូតដល់អន្តរជាតិ វាយតម្លៃថាកម្ពុជាជាប្រទេសលេខ១ ក្នុងអាស៊ី និងលេខ៣ លើពិភពលោកលើការងារគ្រប់គ្រងបញ្ហាកូវីដ១៩ បានល្អប្រសើរ។

ដំណឹងនៃការហោះហើរឡើងវិញនេះ ត្រូវបានស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួនថា «នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១»

យ៉ាងណាមិញមានការបារម្ភពីប្រតិបត្តិការ ហោះហើរឡើងវិញរបស់ក្រុមហ៊ុនេះ ប្រសិនបើមិនអាចទ្រទ្រង់សុខភាពសេដ្ឋកិច្ចរបស់ខ្លួនបាន ក្រុមហ៊ុននេះប្រហែលជាអាចនឹងពិចារណាឡើងវិញ លើប្រតិបត្តិការហោះហើរនេះ។

ចំពោះដំណឹងការហោះហើរនេះ លោក ស៉ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងនូវការស្វាគមន៍ ចំពោះវិលត្រឡប់ហោះហើរត្រង់ឡើងវិញនេះ តែលោកបារម្ភថា វិធានការសុខាភិបាលជាសាកល អាចនៅតែជាបញ្ហាប្រឈមទៅនឹងប្រតិបត្តិការហោះហើរ ជាប្រក្រតីឡើងវិញ៕