(ស្ទឹងត្រែង)៖ សំណូមពរ និងក្តីកង្វល់បញ្ហាប្រឈមផ្សេងៗជាច្រើន ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រៀបចំស្ថិតនៅក្នុង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវតែពន្លឿន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះដូចជា ផ្តល់សេវាសាធារណការធ្វើអត្តសញ្ញាណបណ្ណ, ការងារអត្រានុកូលដ្ឋាន, ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងទំនាស់ដីធ្លីឱ្យបានឆាប់រហ័ស និងសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន និងមានតម្លាភាព។

លោកអភិបាលខេត្ត បានជំរុញដូចនេះនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងបរិវេណមុខវត្តដំរីសរ ក្រោមអធិបតីលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល និងមានប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក ម៉ុម សារឿន បានជំរុញដល់សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងការផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមមូលដ្ឋានរបស់ខ្លួន ឱ្យបានស៊ីជម្រៅដល់ស្រទាប់មហាជនទូទៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់រីករាលដាលចូលមកក្នុងសហគមន៍។

លោក ឈាង ឡាក់ បានថ្លែងថា ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋស្តាប់នូវរបាយការណ៍ស្តីពី សមិទ្ធផលដែលអាជ្ញាធរខេត្តសម្រេចបាន និងផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត របស់រដ្ឋបាលខេត្ត។

លោក ឈាង ឡាក់ បានបញ្ជាក់ថា កម្មវិធីនេះក៏បើកឱកាសផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹង ក្តីកង្វល់សំណូមពរ និងតម្រូវការជាក់ស្តែង ក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការដោះស្រាយ និងឆ្លើយតបរាល់តម្រូវការទាំងនោះ។

ក្នុងនោះដែរ ប្រធានក្រុមប្រឹក្សាខេត្តក៏បានជំរុញអាជ្ញាធរ និងប្រជាពលរដ្ឋត្រូវពង្រឹង និងចូលរួមលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងគោលការណ៍ នៃការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕