(កំពត)៖ បញ្ហា សំណូមពរ និងក្តីកង្វល់ជាច្រើនរបស់ពលរដ្ឋនៅស្រុកជុំគិរី ខេត្តកំពត ត្រូវបានដោះស្រាយនៅនឹងកន្លែង តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ ដែលដឹកនាំដោយលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពតនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធជាច្រើនរូប ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងស្រុកជុំគិរី យ៉ាងច្រើនកុះករផងដែរ។ ការធ្វើវេទិកាខាងលើ គឺសំដៅឆ្លើយតបតម្រូវការសំណូមពរអទិភាពចាំបាច់ និងការស្នើសុំពាក់ព័ន្ធបញ្ហា និងករណីផ្សេងៗ របស់ប្រជាពលរដ្ឋ។

ចំពោះការឆ្លើយតប និងដោះស្រាយរបស់អង្គការវេទិកានេះ មានប្រជាពលរដ្ឋចូលរួម ៣៩១នាក់ បានលើកជាបញ្ហាចំនួន ២៨បញ្ហា ភាគច្រើនពាក់ព័ន្ធការកសាងផ្លូវលំ អណ្តូងទឹក បណ្ណក្រីក្រ ខ្វះទីជំរក ទំនាស់ដីធ្លី និងការទន្រ្ទានព្រៃឈើ។

ចំពោះការដោះស្រាយ ជាលទ្ធផល លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត បានដោះស្រាយនៅនឹងកន្លែងភ្លាមៗ ពាក់ព័ន្ធបញ្ហាកសាងផ្លូវដោយដាក់លូ ៣០កង់ គិតជាទឹកប្រាក់ ១លាន ៥ម៉ឺនរៀល សាង់សង់ផ្ទះជូនស្ត្រីមេម៉ាយ ជាពិការភាពជំងឺថ្លង់ និងឧបត្តម្ភស្បៀងអាហារជូនគ្រួសារក្រីក្រ។

ដោយឡែក បញ្ហានៅសេសសល់ពាក់ព័ន្ធលើផ្នែកបច្ចេកទេសជំនាញ ក្នុងការងារផ្ដល់អណ្ដូងទឹកស្នប់ ផ្លូវលំ ប្រព័ន្ធធារាសាស្រ្ត អង្គវេទិកាសម្រេចជូនឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសិក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋជាក់ស្តែង។

ជាមួយគ្នានេះដែរ លោក ជឹង ផល្លា បានលើកបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត គឺជាឱកាសឱ្យប្រជាពលរដ្ឋចូលរួមមតិយោបល់លើកជាបញ្ហាប្រឈម សំណូមពរ ទុក្ខកង្វល់ តម្រូវការខ្វះខាតពិតប្រាកដ ដើម្បីស្នើសុំរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការដោះស្រាយប្រកបដោយតម្លាភាព គណនេយ្យភាព។

លោកអភិបាលខេត្ត ជាវ តាយ ក៏បានលើកបញ្ជាក់ដែរថា បញ្ហាតម្រូវការទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាបញ្ហារបស់រាជរដ្ឋាភិបាល។ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែយកចិត្តទុកដាក់ ធ្វើការដោះស្រាយ។

លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរីកចំរើននៅក្នុងខេត្តកំពត ដោយបញ្ជាក់ថា សមិទ្ធផលនេះ មិនអាចកាត់ផ្ដាច់ចេញបាន ពីការចូលរួមរបស់ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំងគ្រប់ថ្នាក់ និងមន្ត្រីជំនាញបានឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវមានជំនឿចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយត្រូវបន្តចូលរួម គាំទ្ររាល់ការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីយើងរួមគ្នាគិត រួមគ្នារួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឱ្យបានកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕