(ស្ទឹងត្រែង)៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ម៉ម សារឿន អភិបាលខេត្ត បានសំណូមពរដល់មន្ទីរ អង្គភាពជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិលទាំងអស់ ពិចារណាគាំទ្រនូវរាល់គម្រោងអភិវឌ្ឍនានា របស់រដ្ឋបាលស្រុកសេសាន និងបណ្តាឃុំផ្សេងៗទៀតក្នុងស្រុក ដើម្បីទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍន៍ស្របទៅតាមគម្រោងដែលបានដាក់ចេញ។

ការសំណូមពរបែបនេះរបស់លោកភិបាលរងខេត្ត បានធ្វើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក-ឃុំ និងផែនការវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២១-២០២៣ ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីគ្រោងសម្រាប់អភិវឌ្ឍន៍ស្រុកឃុំ និងសុំការគាំទ្រពីមន្ទីរអង្គភាពជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការ ខេត្តស្ទឹងត្រែង បានថ្លែង សិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកឃុំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជោគជ័យ ក្នុងការអនុវត្តផែនការវិនិយោគ និងអភិវឌ្ឍន៍នានារបស់ស្រុក-ឃុំកន្លងមក និងបង្ហាញពីផែនការបន្តបន្ទាប់ដល់មន្ទីរ អង្គភាពជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍ ដើម្បីឱ្យពួកគាត់ពិនិត្យលទ្ធភាពគាំទ្រ គម្រោងរបស់ស្រុក ឃុំ និងចូលរួមជាថវិកា ឬធនធានចូលរួមក្នុងគ្រោងសម្រាប់អភិវឌ្ឍតាមមូលដ្ឋានស្រុក-ឃុំ។

លោកបន្តថា រាល់គម្រោងដែលស្រុក ឃុំ បានដាក់ចេញសម្រាប់ការអភិវឌ្ឍន៍ គឺសុទ្ធតែបានពិនិត្យ និងច្បាច់យកនូវគម្រោងជាអាទិភាពសំខាន់ៗ ចេញពីផែនការអភិវឌ្ឍ និងវិនិយោគសម្រាប់ ឆ្នាំ២០២១-២០២៣ របស់រដ្ឋបាលស្រុក ឃុំ ដើម្បីធ្វើយ៉ាងណាឱ្យមានការគាំទ្រពីអង្គភាពជំនាញ និងអង្គការជាដៃគូអភិវឌ្ឍន៍ប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋានបានកាន់តែឆាប់រហ័ស។

លោក ញ៉ែម សារី បានលើកឡើងថា នេះជាឱកាសដ៏ល្អសម្រាប់មន្ទីរជំនាញ និងអង្គការសង្គមស៊ីវិល ក្នុងការពិនិត្យលទ្ធភាពចូលរួមគាំទ្រក្នុងការអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ស្រុក-ឃុំ ពិសេសស្រុកសេសាន ដែលជាស្រុកគំរូមួយក្នុងខេត្ត ដែលកំពុងមានការអភិវឌ្ឍន៍។

លោកថា យោងតាមការផ្សព្វផ្សាយរបស់ស្រុក-ឃុំ ក្នុងសិក្ខាសាលានេះស្រុកសេសាន និងបណ្តាឃុំនានានៃស្រុកមានគ្រោងអភិវឌ្ឍនានាជាច្រើន ជាពិសេសនៅតាមតំបន់ដាច់ស្រយោល ដែលកំពុងត្រូវការជាជាចាំបាច់នូវការគាំទ្រគម្រោងអភិវឌ្ឍពីសំណាក់មន្ទីរជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិល៕