(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតបនឹងស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីគោលនយោបាយជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើអន្ដរាគមន៍ក្នុងការស្ដារឡើងវិញ លើវិស័យកសិកម្មដែលរងផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់នារយៈពេលកន្លងមក។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕