(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ និងគ្រឿងញៀន៣៨កញ្ចប់ ព្រមទាំងទូហ្គេមបាញ់ត្រីចំនួន១ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បង្ក្រាបនៅវេលាម៉ោង៤ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យ១ ឈ្មោះ ទីវ ថាន់យឿង អាយុ១៨ឆ្នាំ មានមុខរបរជាងភ្លើងស្នាក់នៅ ចំណុចកើតហេតុខាងលើ និង២ឈ្មោះ គុជ សុជាតិ អាយុ២៥ឆ្នាំ មានមុខរបរជាងកាត់សក់ ស្នាក់នៅភូមិកន្ត្រុង សង្កាត់ពន្ធសាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាស្រាវជ្រាវ ពីសំណាក់លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងព្រហ្មទណ្ឌខណ្ឌ បានស៊ើបអង្កេតរហូតឈានដល់ការ បង្ក្រាបជាក់ស្ដែង នារសៀលនេះតែម្តង ដោយឃាត់ខ្លួនមនុស្សចំនួន២នាក់ នៅក្នុងផ្ទះបើកល្បែងហ្គេមបាញ់ត្រី និងដកហូត គ្រឿងញៀន ជាប្រភេទម៉ាទឹកកកចំនួន៣៨កញ្ចប់ ដែលជនត្រូវជាប់សង្ស័យកំពុងធ្វើសកម្មភាពជួញដូរនៅក្នុងផ្ទះហ្គេមបាញ់ត្រី។

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួន និងសាកសួរបន្ថែមនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 

Posted by Sheet on Thursday, February 11, 2016