(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ មិនមែនមានតែប្រទេសកម្ពុជានោះទេ បណ្តាប្រទេសជាច្រើននៅលើពិភពលោកនេះ បានធ្វើចំណាកស្រុកស្វែងរកការងារធ្វើ។ សម្តេចតេជោ បានហៅការចេញទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស គឺជាវិធីដោះស្រាយការងារជូនប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ» នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្វីដែលរាជរដ្ឋាភិបាល ត្រូវតែខិតខំទប់ស្កាត់ គឺចំណាកស្រុកខុសច្បាប់ ប៉ុន្តែការងារទៅរកការងារដោយត្រូវច្បាប់ គឺជាវិធីដោះស្រាយការងារមួយឲ្យពលរដ្ឋ [...]។ [...] ចឹងវិធីដោះស្រាយការងារមិនមែនតែដោះស្រាយការងារក្នុងស្រុកទេ ការរកការងារនៅក្រៅស្រុក ក៏ជាផ្នែកមួយនៃកិច្ចការរបស់រដ្ឋាភិបាល ដែលត្រូវរកការងារឲ្យប្រជាពលរដ្ឋខ្លួន»

គណបក្សប្រឆាំង ក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន តែងបានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាចំណាកស្រុករបស់ ប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេស។ ពួកគេបានចោទរាជរដ្ឋាភិបាលថា ខ្វះសមត្ថភាពក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ទើបនាំឲ្យពលរដ្ឋខ្មែរត្រូវធ្វើចំណាកស្រុកទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើចំណាកស្រុកនេះ មិនមែនមានតែប្រទេសកម្ពុជានោះ បណ្តាប្រទេសជាច្រើនលើ ពិភពលោកជាច្រើន ក៏ត្រូវចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសធ្វើផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកថា ប្រទេសហ្វីលីពិន មានពលករជាង ១០លាននាក់ សម្រាប់ធ្វើការនៅក្រៅប្រទេស ក្នុងនោះប្រទេសកម្ពុជា មានប្រជាពលរដ្ឋហ្វីលីពិនលើសម៉ឺននាក់ កំពុងធ្វើការជាអ្នករាំតាមបា តាមភោជនីយដ្ឋានធំៗ ចែកបៀតាមកាស៊ីណូ និងមើលថែទាំកូនជនបរទេសជាដើម។ ទោះបីជាយ៉ាងណាសម្តេចតេជោ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រឹងប្រែង ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក។

ពាក់ព័ន្ធនឹងស្ថិតិពលករខ្មែរធ្វើការនៅក្រៅប្រទេសនេះ Fresh News មិនអាចស្វែងរកការបញ្ជាក់ពីមន្រ្តីរបស់ក្រសួងការងារបាននៅឡើយទេ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ របាយការណ៍នាពេលកន្លងទៅបានបង្ហាញថា មានពលរដ្ឋកម្ពុជាខ្ទង់លាននាក់ បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដូចជា ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីជាដើម ហើយពួកគេក៏បានផ្តល់ប្រាក់ខែរាប់ម៉ឺនដុល្លារក្នុងមួយខែៗ មកជូនក្រុមគ្រួសារនៅស្រុកកំណើត។ តែក៏មានប្រជាពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះ ព្រោះតែការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ៕