(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ ពុំទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយ ចំពោះសំណុំរឿង «ឧបឃាត» របស់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ ហើយតុលាការនឹងបន្តបើកសវនាការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

នៅក្នុងសវនាការនាព្រឹកមិញនេះ មាន លោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះ, លោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា, លោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា។ លោក សំ សុខគង់ មេធាវីរបស់ លោក សម រង្ស៉ី និងបក្ខពួក បានអវត្តមាននាសវនាការ។

លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ផែនការនៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំមុននោះគឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕