(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ីអាយកាប់ (ICAPP) អនុប្រធានទី២ នៃរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី ៣៤ បានគូសបញ្ជាក់ពីសារសំខាន់របស់គណបក្សនយោបាយជាសមាជិកអង្គការ ICAPP ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយម និងពង្រឹងនូវសាមគ្គីភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ការចូលរួមរបស់ប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Cho Byung-Jae អគ្គលេខាធិការអង្គការ ICAPP។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍លើកទី៣៤ របស់ ICAPP (34th Meeting of the ICAPP Standing Committee) រៀបចំធ្វើឡើងដោយលេខាធិការដ្ឋាន ICAPP តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនាពេលនោះលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ។

ថ្លែងទៅកាន់កិច្ចប្រជុំ ដែលមានវត្តមាន គណៈកម្មាធិការអចិន្រ្តៃយ៍អាយកាប់ និងតំណាងមកពីប្រទេសជាសមាជិកអាយកាប់ (ICAPP) អ្នកជំនាញ និងអ្នកសង្កេតការណ៍អន្តរជាតិ ប្រមាណ ៥០នាក់ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP ។

ក្នុងសុន្ទរកថារបស់លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអំពាវនាវឲ្យរក្សាកម្លាំង និងបន្តរកវ៉ាក់សាំងពហុភាគីនិយម ដោយបានសង្កត់ធ្ងន់ថា «វ៉ាក់សាំង គួរតែត្រូវផ្តល់ឱ្យដល់គ្រប់គ្នា និងមានតម្លៃសមរម្យ»។ ដោយឡែក ទាក់ទងនឹងការស្តារឡើងវិញក្រោយកូវីដ-១៩ លោកស្រីបានលើកឡើងថា គណបក្សនយោបាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការស្តារឡើងវិញ ប្រកបដោយភាពបៃតង និងបរិយាប័ន្ន។

ផ្សារភ្ជាប់ជាមួយគ្នានេះ លោកស្រី បានជម្រាបជូនកិច្ចប្រជុំអំពីការពង្រឹងនូវទំនាក់ទំនងស៉ីវីល័យក្នុងចំណោមបណ្តាប្រទេសអាស៉ី ដែលនឹងចូលរួមចំណែកដល់ការបង្កើតសហគមន៍អាស៉ី ដែលមានភាពអត់ធន់ជាងមុន។ ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកម្ពស់ការតភ្ជាប់ទំនាក់ទំនងស៉ីវីល័យ និងការរំពឹងចង់ឃើញនូវអនាគតរួមមួយសម្រាប់អាស៉ី។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ក៏បានជម្រាបជូនដល់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ថា គណបក្សប្រជាជនកម្ពុជាបានបង្កើតនូវក្រុមការងារ ICAPP-ACC កាលពីខែសីហា ឆ្នាំនេះ ដើម្បីសម្របសម្រួលសកម្មភាព កម្មវិធី និងគម្រោងពាក់ព័ន្ធនឹង ICAPP និង ACC។ លោកស្រី បានគូសបញ្ជាក់បន្ថែមថា ACC បានបង្កើតភាពជាដៃគូជាមួយនឹងស្ថាប័នអង្គការអន្តរជាតិជាច្រើនរួមមាន អង្គការយូណេស្កូ អង្គការទីក្រុងបេតិកភណ្ឌពិភពលោក និងរដ្ឋាភិបាលខេត្តឃ្យុងសាងបុកដូ ហើយក៏បានអនុវត្តយ៉ាងសកម្មនូវគម្រោងគំរូតេជោភូមិ ១០០ ដោយសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៉ីវិល និងវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) ដោយក្នុងនោះក៏មានការចូលរួមពីធនាគារអភិវឌ្ឍអាស៉ី ដែលបានផ្តល់ជំនួយបចេ្ចកទេសដល់រដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគម្រោងសាកល្បងរបស់គម្រោងគំរូតេជោភូមិ១០០។

មុននឹងបញ្ចប់សុន្ទរកថា លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជំរាបជូនអង្គប្រជុំពីការគ្រោងរៀបចំកិច្ចប្រជុំ ACC លើកទី២ ក្រោមប្រធានបទ «ការពង្រឹងវប្បធម៌ និងនវានុវត្តភាព សម្រាប់វិបុលភាពរួម ក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» និងសូមអញ្ជើញសមាជិកគណៈកម្មាធិការអង្គការ ICAPP ទំាងអស់ ចូលរួមកិច្ចប្រជុំនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

សូមជម្រាបថា សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៉ី ដែលហៅកាត់ ICAPP មានគណបក្សនយោបាយចំនួន៣៥២ ជាសមាជិកមកពី៥២ ប្រទេសនៅអាស៉ី។ ICAPP មានគោលបំណងជំរុញកិច្ចពិភាក្សា ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ក្នុងតំបន់តាមរយៈបណ្តាគណបក្សនយោបាយ។
គណបក្សប្រជាជនកម្ពុជា គឺជាសមាជិកដ៏សកម្មរបស់អង្គការ ICAPP ចាប់ពីឆ្នាំ២០០៥ មក។ ICAPP បានរួមមតិគ្នាបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) ឡើង ដោយពេលនេះលោកស្រី ឃួន សុដារី ជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC)នេះ។

ក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) ដែលជាបុត្រសម្ព័ន្ធរបស់អង្គការអាយកាប់ (ICAPP) ត្រូវបានបង្កើតឡើង ដើម្បីជំរុញការរៀបចំភាពជាដៃគូជាមួយអង្គការយូណេស្កូ ដែលនាពេលនោះ ពិធីប្រកាសបង្កើតជាផ្លូវការបានធ្វើឡើងនៅលើទឹកដីអង្គររបស់កម្ពុជា កាលពីដើមឆ្នាំ២០១៩ ដែលមានអ្នកចូលរួមជាង ៧០០នាក់ រួមមាន ប្រមុខរដ្ឋប្រតិភូ និងតំណាងមកពីប្រទេសជាសមាជិកអង្គការអាយកាប់ (ICAPP) ប្រទេសជាសមាជិកនៃវេទិកាសភាអាស៉ីប៉ាស៉ីហ្វិក (APPF) និងអ្នកជំនាញអន្តរជាតិ រួមទាំងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។ ជាលទ្ធផលសំខាន់នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនាពេលនោះ គឺការចេញប្រកាសនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាប (Siem Reap Declaration) នៃក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) ៕