(ក្រចេះ)៖ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២ ខេត្តក្រចេះ នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងណែនាំពីនីតិវិធីនៃលក្ខខណ្ឌក្នុងការទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់លើដីសម្បទានសង្គមកិច្ច ដល់បងប្អូនសម្បទានិកចំនួន២ឃុំ គឺឃុំសំបុក និងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងជំរុញការចូលតាំងលំនៅឋានរបស់សម្បទានិក ការដាំដុះដំណាំ និងរបង្កើនការប្រើប្រាស់ដី ដើម្បីផ្តល់បណ្ណកម្មសិទ្ធជូនសម្បទានិក។

ក្នុងរបាយការណ៍បានបញ្ជាក់ថា សម្រាប់ដីសម្បទានសង្គមកិច្ច នៅក្នុងឃុំសំបុក ផ្ទៃដីដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ មានផ្ទៃដីលំនៅដ្ឋានទំហំ ៤៤,៧១ហិកតា និងផ្ទៃដីកសិកម្មទំហំ ១,១២១ហិកតា ហើយស្ថានភាពរស់នៅ និងប្រើប្រាស់ដីមានចំនួន ៥៥៤ គ្រួសារ ស្នាក់អចិន្រ្តៃយ៍ ១៥៨គ្រួសារ មិនអចិន្រ្តៃយ៍ ៣៤៥គ្រួសារ និងមិនចូល ៥១គ្រួសារ។ ចំណែកដីសម្បទានសង្គមកិច្ចឃុំចង្ក្រង់ ផ្ទៃដីលំនៅដ្ឋានទំហំ ១៧,៤២ហិកតា និងផ្ទៃដីកសិកម្មទំហំ ៦៦៦ហិកតា ហើយស្ថានភាពរស់នៅ និងប្រើប្រាស់មានចំនួន ៣៣១គ្រួសារ ស្នាក់អចិន្រៃ្តយ៍ ៩៨គ្រួសារ មិនអចិន្រ្តៃយ៍ ១៧៨គ្រួសារ និងមិនចូល ៥៥គ្រួសារ។

លោក ភឹម ភីរ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដី ហើយសម្រាប់គម្រោងឡាស្សិត បង្កើតឡើងក្រោមជំនួយធនាគាពិភពលោក គឺដើម្បីផ្តល់នូវបំនិនដល់ប្រជាពលរដ្ឋឱ្យចេះដាំដុះប្រកបដោយជំនាញ និងបច្ចេកទេសពីការធ្វើកសិកម្ម។

លោក ភឹម ភីរ៉ា បានន្ថែមថា ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីស្របច្បាប់ទៅតាមលក្ខខណ្ឌ ក្នុងនោះបងប្អូនសម្បទាននិក ត្រូវធ្វើដាំដុះនិងសាងសង់ស្នាក់ជាអាស្រ័យអចិន្ត្រៃយ៍ទាំងដីលំនៅឋាន និងដីកសិកម្ម ក្រោមការចុះពិនិត្យនិងវាយតម្លៃពីមន្រ្តីជំនាញ ក្នុងកម្រិត៥៥% ឡើងទៅ ដើម្បីដាក់បញ្ចូលឈ្មោះទៅក្នុងក្រុមដែលនឹងត្រូវទទួលបានបណ្ណកម្មសិទ្ធិនៅពេលខាងមុខ។ ដូច្នេះ ចំពោះប្រជាពលរដ្ឋដែលទទួលបានបណ្ណឡូតិ៍ដី ហើយមិនបានចូលទៅកាន់កាប់ប្រើប្រាស់ និងស្នាក់អាស្រ័យសូមប្រញាប់មកធ្វើកិច្ចសន្យានៅអាជ្ញាធរឃុំ ក្នុងការចូលមកកាន់កាប់ដី និងប្រើប្រាស់ឱ្យអស់លទ្ធភាពជាអចិន្ត្រៃយ៍ទៅនឹងលក្ខខណ្ឌខាងលើ។

លោកបានបន្តថា សម្រាប់ទីតាំងដីសម្បទានទាំងពីរឃុំនេះ ឃើញថាជាទីតាំងល្អជិតនឹងផ្លូវជាតិ សម្រាប់ដល់ប្រជាពលរដ្ឋក្នុងការដាំដំណាំ និងដឹកកសិផលចេញចូលដីរបស់ខ្លួន ក៏ដូចជាអាចធ្វើការដាក់លក់ដូរនូវកសិផលបានដោយងាយនៅលំនៅដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ដែរថា ចំនួនគ្រួសារសម្បទានិក ដែលប្រើប្រាស់ដីមិនទាន់គ្រប់លក្ខខណ្ឌត្រឹម៥០% ចុះក្រោមទាំង២ឃុំ មានឃុំសំបុក ១៧៣គ្រួសារ ឃុំចង្ក្រង់ ៣៦គ្រួសារ។ ក្នុងនោះលោកបានធ្វើការជំរុញឱ្យប្រជាពលរដ្ឋសម្បទាននិកទាំងអស់ ត្រូវប្រញាប់ដាក់ពាក្យស្នើសុំ និងធ្វើកិច្ចសន្យាចូលមកស្នាក់នៅ ប្រើប្រាស់ដីឱ្យអស់លទ្ធភាព ដើម្បីកែប្រែជីវភាពរបស់ខ្លួន តាមរយៈការធ្វើកសិកម្មលើដីកម្មសិទ្ធិស្របច្បាប់៕