(ភ្នំពេញ)៖ «យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy)» ដែលរៀបចំចងក្រងឡើងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្រនេះ ទទួលបានការឧបត្ថម្ភហិរញ្ញប្បទានពីអង្គភាពក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (Enhanced Integrated Framework–EIF)។

ថ្លែងក្នុងពិធីសម្ពោធនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្មលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី «ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០» ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងក្របខ័ណ្ឌរួមមួយ ដោយវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ប៉ុន្តែជាវិស័យប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងនេះក្ដី វិស័យនេះ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដោយបញ្ហាប្រឈមទាំងនេះត្រូវបានសិក្សាវិភាគយ៉ាងល្អិតល្អន់នៅក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយក៏បានដាក់ចេញនូវអនុសាសន៍ និងផែនការសកម្មភាព ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា «យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ ស្របពេលដែលកម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ»

លោករដ្ឋមន្ត្រីបន្ថែមថា «ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បម្រើជាមូលដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ក្នុងវិស័យវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ក៏ដូចជាទាក់ទាញវិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យនេះនៅកម្ពុជា»

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្នុងពេលជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតទូទាំងពិភពលោក និងប៉ះពាល់ដល់អាយុជីវិតមនុស្ស ព្រមទាំងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្នុងបរិបទនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់ជាគំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពកូវីដ១៩ និងក្រោយជំងឺកូវីដ១៩។

ក្នុងបរិបទតំបន់ និងពិភពលោក វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានក្លាយជាប្រធានបទសំខាន់ដែលថ្នាក់ដឹកនាំរបស់ប្រទេសនានា លើកយកមកពិភាក្សានៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែងកម្ពុជា បានចុះហត្ថលេខា និងអនុម័តយល់ព្រមលើ ១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ASEAN E-Commerce) ២) កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថាអាសិប (RCEP) ដែលត្រូវបានចុះហត្ថលេខារួចរាល់ហើយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ និង ៣) ជាជាជំពូកដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកសារយុទ្ធសាស្ត្រនេះ នឹងក្លាយជាឯកសារចម្បងមួយក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក៏ដូចជារួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការវិវត្តន៍ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

សូមបញ្ជាក់ផងថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអស់មាន ១០ជំពូកដូចជា៖ ១) យុទ្ធសាស្ត្រ/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន , ២) ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ, ៣) បទបញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម, ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍, ៥) ហេដ្ឋារចនាសម្ព័ន្ធជំនាញឌីជីថល, ៦) ប្រព័ន្ធទូទាត់, ៧) ភស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក, ៨) ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ៩) ការទទួលបានហិរញ្ញប្បទាន និង១០) ពត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ៕