(កណ្តាល)៖ តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ គិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការរុះរើតង់នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវិដេអូរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ។

សូមបញ្ជាក់ថា ដើម្បីរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធានៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។ បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា រួមមានទាំងការធ្វើកំណត់ទូតផងនោះ ប្រទេសវៀតណាម ក៏បានរុះរើតង់មួយចំនួនចេញ មុននឹងឈានដល់ការរុះរើទាំងស្រុងនៅថ្ងៃនេះផងដែរ៕