(ភ្នំពេញ)៖ សមាគមថ្មីមួយឈ្មោះថា «សមាគមអ្នកគាំទ្រសន្តិភាព» និងមានឈ្មោះជាភាសាអង់គ្លេសថា «SUPPORTERS FOR PEACE ASSOCIATION» ត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃហើយ ដែលបេសកកម្មសំខាន់របស់សមាគមនេះគឺ «ថែរក្សា ការពារ និងកសាងសន្តិភាពនៅកម្ពុជា តំបន់ និងពិភពលោក»។

យោងតាមប្រកាសលេខ៤៥០៤ ប្រក.ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីសមាគម ដែលចុះហត្ថលេខាដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានសម្រេចថា ត្រូវបានចុះឈ្មោះ សមាគមអ្នកគាំទ្រសន្តិភាព ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៣០៨ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក វ៉ាន កាម៉ុល តំណាងស្ថាបនិកសមាគមអ្នកគាំទ្រសន្តិភាព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបង្កើតសមាគមនេះឡើង ក្នុងគោលបំណងថែរក្សា ការពារសន្តិភាពកម្ពុជា ពង្រឹង និងពង្រីកទំនាក់ទំនងក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រកបដោយចីរភាព។

លោក វ៉ាន កាម៉ុល បានឲ្យដឹងបន្តថា សមាគមអ្នកគាំទ្រសន្តិភាព មានគោលដៅដូចខាងក្រោម៖

* រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិ ស្របតាម គោលនយោបាយ យុទ្ធសាស្ដ្រ និង ផែនការនានារបស់រាជរដ្ឋាភិបាលកម្ពុជា
* ជំរុញការប្រព្រឹត្តទៅរបស់សមាគម អ្នកគាំទ្រសន្តិភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សង្គតិភាព តម្លាភាព និងនវានុវត្តន៍
* បណ្តុះស្មារតីស្រឡាញ់សន្តិភាព មិត្តភាព សាមគ្គីភាព ស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន និងស្រឡាញ់បរិស្ថាន ដើម្បីលើកកម្ពស់គុណភាព ជីវភាព រស់នៅ សុខមាលភាពសង្គម និងចេះរួមរស់នឹងគ្នា ដោយសុខដុមរមនា
* ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍកម្ពុជា
* បង្កើតឱកាស និងបង្កើនបរិយាកាសទទួលបាននូវសមិទ្ធផលពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកបដោយសមភាព សមធ៌ម និងបរិយាប័ន្ន
* ផ្សព្វផ្សាយអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ មុខរបរដល់ប្រជាជន ប្រកបដោយ គុណភាព និង វិជ្ជាជីវៈខ្ពស់
* ជំរុញ និងកសាងនូវរាល់មូលដ្ឋានគ្រឹះនៃសន្តិភាពបុគ្គល គ្រួសារ សង្គមជាតិ និង អន្តរជាតិ។

ស្ថាបនិកដែលបានចូលរួមបង្កើតសមាគមនេះ មានចំនួនសរុប២១នាក់ ព្រមទាំងមានសមាជិកផ្សេងៗទៀតផងដែរ៕