(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌដូនពេញ ដែលបង្ក្រាបបទល្មើសគ្រឿងញៀន បានជោគជ័យនាពេលកន្លងទៅ។

ពិធីសំណេះសំណាល់ និងផ្ដល់រង្វាន់លើកចិត្តទឹកចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ០២០នេះ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង និងលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត។

គួរជម្រាបថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានដកហូតគ្រឿងញៀន ចំនួន២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្នុងនោះជាការលើកទឹកចិត្ត លោក សុខ ពេញវុធ បាននាំយកថវិការបស់ លោក ឃួង ស្រេង ចំនួន២,០០០,០០០រៀល ប្រគល់ជូនដល់មន្ត្រី ដែលមានស្នាដៃល្អ ជូនអង្គភាព និងបានលើកទឹកចិត្តដល់កម្លាំង ឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានជោគជ័យបន្តទៀត ដើម្បីសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕