(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តសៀមរាប និងលោកស្រី លោក កែវ ធី មេបញ្ជារការកងពលធំអន្តរាគមលេខ២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦នេះ អញ្ជើញចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ ខេត្តសៀមរាប។   

ក្នុងឱកាសនោះដែរ ក៏មានការប្រមូលថវិការមូលនិធិពីសប្បុរសជន សម្រាប់ដាក់ហិបសប្បុរសធម៌ ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់បានថវិកា ៣៨៨០០០០ រៀល និង ៣៧៤៥ ដុល្លារ។

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់នេះ បានបង្កើតឡើងនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១១ ដោយបានបំពេញការងារ មនុស្សធម៌ នៅក្នុងអគារសាលាស្រុកក្រឡាញ់ រយៈពេល ៥ឆ្នាំកន្លងមកហើយ ដូចនេះចាំបាច់ត្រូវកសាងអគារទីស្នាក់ការ អនុសាខានេះឡើង សម្រាប់គណៈកិត្តិយស គណៈកម្មាធិការ ធ្វើការប្រជុំ និងមន្រ្តីប្រចាំការអនុសាខាបំពេញការងារប្រចាំថ្ងៃ ហើយជាកន្លែងសម្រាប់ ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហម មកទំនាក់ទំនងការងារមនុស្សធម៌ ក៏ដូចជាសម្រាប់ទទួលអំណោយសប្បុរជន គ្រប់មជ្ឈដ្ឋានផងដែរ។

ការកសាងទីស្នាក់ការអនុសាខានេះ គឺស្របតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា និងស្របតាមគោលការណ៍គ្រឹះ ទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមគឺ មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស័គ្រ្មចិត្ត ឯកភាព និងសកលភាព៕