(ភ្នំពេញ)៖ ក្រៅតែពីបានអំណោយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងពិចារណាក្នុងការផ្តល់ម៉ាស់ និងបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបែបនេះក្នុងជំនួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីរាជរដ្ឋាភិបាល» និង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានផ្ដល់ជំនួយជាសម្ភារវេជ្ជសាស្រ្តទៅដល់មិត្តឡាវ និងមីយ៉ាន់ម៉ា ហើយបានត្រៀមរួចជាស្រេចក្នុងការជួយដល់ប្រទេសទីម័រខាងកើត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឹ Covid-19។

ក្នុងពិធីនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីការផ្តល់អំណោយជាម៉ាស់ និងបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅដល់ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួយដែលផ្តល់ទៅឡាវកាលពីថ្ងៃ១៦ ខែវិច្ឆិកា នោះ មានតម្លៃជាង ២លានដុល្លារអាមេរិក។ បើតាមសម្តេចការជួយឡាវ ដោយសារឡាវមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានការរីករាលដាលខ្លាំង។

សម្រាប់ជំនួយម៉ាស់ និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលផ្តល់ទៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងរីករាលដាលខ្លាំងនេះ ក៏ប្រហាក់ប្រហែលនឹងប្រទេសឡាវដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យន្តហោះចំនួន៣គ្រឿង នឹងដឹកម៉ាស់ និងបរិក្ខារទាំងអស់នេះទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីការផ្តល់ជំនួយទៅកាន់ប្រទេសទីម័របែបនេះផងដែរ បើទោះបីបច្ចុប្បន្នទីម័រមិនសូវមានការរាតត្បាតខ្លាំងក៏ដោយចុះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចេញមុខជួយប្រទេសជាមិត្តនៅក្នុងតំបន់អាស៊ាននាពេលនេះ ក្នុងនាមជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានជាមួយគ្នា ហើយសម្តេចមិនខ្វល់ពីការរិះគន់មួយចំនួនលើការផ្តល់ជំនួយនេះឡើយ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «សូមអ្នកនិយាយអីនិយាយចុះ ក៏ប៉ុន្តែក្នុងឋានៈជាអ្នកដែលចូលរួមចំណែក នៅក្នុងសហគមន៍អន្តរជាតិ ខ្ញុំមានកាតព្វកិច្ចចូលរួមជាមួយនិងរដ្ឋដទៃទៀត ប្រជាជាតិដទៃទៀត ដើម្បីផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កម្ពុជាមិនមែនគ្រាន់តែផ្ដល់ជំនួយផ្នែកវិស័យ វេជ្ជសាស្រ្តវិស័យផ្នែកពេទ្យនេះ ទៅដល់មិត្តឡាវ ដល់មីយ៉ាន់ម៉ា ហើយខ្ញុំត្រៀមទុកសម្រាប់ការធ្វើអន្តរាគមន៍ចំពោះទីម័រខាងកើត»

កម្ពុជាត្រូវបានលេចត្រដែតឡើងលើឆាកអន្តរជាតិតាមរយៈកាយវិការមនុស្សក្នុងពេលពិភពលោកជួបវិបត្តិកូវីដ១៩។ ក្រៅពីការជួយតាមរយៈជំនួយដល់ប្រទេសនៅក្នុងតំបន់អាស៊ានលើការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ពីជំងឺកូវីដ១៩ហើយនោះ កន្លងមកកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី កាលពីខែកុម្ភៈ ក៏បានអនុញ្ញាតឲ្យនាវាវេស្ទើដាម ដឹកភ្ញៀវទេចរជាងពីរពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខណៈប្រទេសជាច្រើនមិនឱ្យចូលចត ព្រោះខ្លាងឆ្លងជំងឺកូវីដ១៩។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា កម្ពុជាមិនមែនជួយមនុស្សជាតិលើពិភពលោកត្រឹមការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែកម្ពុជាបានផ្ដល់ជំនួយជាអាយុជីវិត និងសាច់ឈាម តាមរយៈបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសកំពុងមានវិបត្តិសង្គ្រាមក្រោមឆ័ត្រអង្គការសហប្រជាជាតិថែមទៀតផង។

តាមរយៈកាយវិការមនុស្សធម៌ទាំងនេះ សម្តេចតេជោ បានថ្លែងថា «កម្ពុជាក្រ តូចល្អិត ក៏បន្តែមានចិត្តធំទូលាយ»