(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជំងឺកូវីដ១៩ និងការដកហូតប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) ២០ភាគរយ មិនអាចសម្លាប់កម្ពុជានោះទេ។

មិនអាចសម្លាប់កម្ពុជា គឺកម្ពុជាអាចគ្រប់គ្រងការរីករាលដាល់នៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ និងជាប់ឈ្មោះប្រទេសលេខ១ នៅអាស៉ី និងលេខ ៣នៅលើពិភពលោក លើការគ្រប់គ្រង និងឆ្លើយតបនឹងជំងឺកូវីដ១៩ បានយ៉ាងល្អបំផុត។ ចំណែក EBA វិញទោះបីបាត់បង់ ២០ភាគរយក្តី តែការនាំចេញរបស់កម្ពុជា នៅតែមានកំណើនយ៉ាងល្អប្រសើរ។

បើតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ មានតម្លៃប្រមាណ ១៤.១ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០១៩ កើនឡើង ២០.០៧%។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «កម្ពុជាមិនទាន់ដល់ដំណាក់កាលស្លាប់នោះទេ។ មានអ្នកខ្លះគេនិយាថា បន្តិចទៀតវាងាប់ហើយ បើកាត់ EBA អត់២០% ។ EBA អត់មានអីប៉ះពាល់ ព្រោះរឿង EBA ទើបតែមាន ហើយម្យ៉ាងទៀតពិនិត្យមើលមុខទំនិញរបស់កម្ពុជា ពាក់ព័ន្ធនឹងទីផ្សារនៅអឺរ៉ុប គឺមានតិចណាស់ អីចឹងវាអត់មានអីទេ។ កូវីដក៏មិនអាចសម្លាប់យើងបាន EBA ២០ភាគរយក៏មិនអាចសម្លាប់យើងបានដែរ អីចឹងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសក្នុងវិស័យកសិកម្មកំពុងមានកំណើន»

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងទៀតថា កម្ពុជាមិនមែនជាប្រទេសអ្នកមាន ប៉ុន្តែរៀបដឹកនាំចាត់ចែងប្រទេស គឺធ្វើដូចជាស្ត្រីមេផ្ទះ ដែលមានរបៀបចាត់ចែងច្បាស់លាស់ណាស់ ធ្វើឲ្យជាយន្តការអគ្គបញ្ជាការតែមួយ នាយអគ្គសេនាធិការតែមួយ ជាជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ របស់កម្ពុជា។

សូមជម្រាបថា កម្ពុជាមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅឡើយនោះទេ។ បើគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់។

ដោយឡែសម្រាប់ EBA វិញ សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញកម្ពុជាក្រោមកម្មវិធី «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដោយយកពន្ធលើទំនិញកម្ពុជាប្រមាណ ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤០មុខ៕