(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងបង្ហាញនូវក្តីរំពឹកទុកថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ខាងមុខ ខណៈឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះ ដល់ចំណុចអវិជ្ជមាន ដោយសារវិបត្តិកូវិដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទោះបីនៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាអវិជ្ជមាន ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជា បានកើនឡើងចំនួន១៨ភារគយ។

នៅ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញសម្រេច បានទំហំទឹកប្រាក់ ១១ ៧១៤លានដុល្លារអាមេរិក កើនឡើងចំនួន១៨ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថានៅឆ្នាំ២០២១ នឹងមានសន្ទុះឡើងវិញ [កំណើនសេដ្ឋកិច្ច]។ ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤ ៥០០លានដុល្លាររួចស្រេចទៅហើយ ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ ២ ៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២ ១០០លានដុល្លារ។ អីចឹងវាអាចទៅគៀកនឹង ៥ ០០០លានដុល្លារនៅក្នុងឆ្នាំនេះ ឯសាច់ប្រាក់ដែលយើងសន្សំ បានយកទៅចំណាយក្នុងចំនួនតិចតួច ឥឡូវបន្តឲ្យយើងនៅសល់ក្នុងដៃ ប្រមាណ៣ពាន់លានដុល្លារ»

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសូមការយោគយល់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនអាចដំឡើងប្រាក់បៀវត្សជូនបានទេ ដោយរក្សាទុកនូវអត្រាដដែល ដូចឆ្នាំ២០២០។ ប៉ុន្តែឆ្នាំ២០២១ រាជរដ្ឋាភិបាលការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានព្យាការសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះមកត្រឹម -១.៩ភាគរយ ខណធនាគារពិភពលោក (World Bank) ព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា មានភាពអវិជ្ជមាន -២ភាគរយ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះក្នុងរង្វង់ -៤ភាគរយ។

ទោះជានៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោមសូន្យក្តី ប៉ុន្តែនៅឆ្នាំ២០២១ ស្ថាប័នអន្តរជាតិទាំង២នេះ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ ក្នុងនោះ World Bank ថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងអត្រា ៤.៣ភាគរយ និង ADB ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៩ភាគរយវិញ៕