(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានសំណេះសំណាលសួរសុខទុក្ខនាយប៉ុស្តិ៍នាយនគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅការិយាល័យច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ កិច្ចសំណេះសំណាលនោះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងកិច្ចសហការល្អៗ រវាងនគរបាលអន្តោប្រវេសន៍កម្ពុជា និងភាគីថៃ។

ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍អំពីស្ថានភាពទូទៅ ដែលរយៈកន្លងមកបានអនុវត្ត។ លោកបញ្ជាក់ថា ទំនាក់ទំនងរវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃមានភាពល្អប្រសើរ។

នាយឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ បានកោតសសើរដល់នាយប៉ុស្តិ៍ នាយផ្នែកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារកន្លងមក ហើយនាំគ្នារៀបចំអនុវត្តបន្តការងានៅក្នុងអង្គភាពរបស់ខ្លួន ឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ លោកផ្តាំថា ត្រូវចេះសហការជាមួយប្រទេសជិតខាងបន្ថែមទៀត ដើម្បីឲ្យមានភាពស្និតស្នាល។

នាយឧត្តមសេនីយ៍ បានធ្វើការផ្តាំផ្ញើដល់នាយប៉ុស្តិ៍ នាយផ្នែក ត្រូវខិតខំយកចិត្តទុកដាក់នាំគ្នាសហការជាមួយប្រទេសជិតខាង ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបញ្ហាមនុស្សឆ្លងដែនឆ្លងប្រទេសខុសច្បាប់ចូលទៅក្នុងទឹកដីថៃ គ្រាដែលប្រទេសថៃកំពុងមានវិបត្តិ៕