(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សីតុណ្ហភាពចុះត្រជាក់ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina ) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើកម្ពុជា។

តាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឱ្យកម្ពុជាក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ ២០២០-ខែមករា ឆ្នាំ២០២១ ) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្ដាឆ្នាំកន្លងទៅ។

១៖ ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី ១ ខែធ្នូ ដល់ សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖

* បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។

* បណ្ដារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ °Cទៅ ២២°C។

២៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១។

ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃ ក្នុងនោះមាន៖

* បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦°C ទៅ ១៩°C ។

* បណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕