(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថា អយ្យការ និងសមត្ថកិច្ចគ្រប់ថ្នាក់ មានកាតព្វកិច្ចបំផ្លាញ និងកម្ទេចចោលនូវសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បើកជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៉ី និងបក្ខពួក៨នាក់ទៀត ពាក់ព័ន្ធនឹងសំណុំរឿង «ឧបឃាត» (ពាក់ព័ន្ធករណី ៩ វិឆ្ឆិកា)។

លោក គឹម សន្តិភាព បានពន្យល់កាលពីឆ្នាំ២០១៩ថា ឆ្លងតាមរយៈសកម្មភាព និងភស្តុតាងជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញច្បាស់ថា សកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកខ្លួន បានឈានចូលដល់ផែនការផ្តួលរំលំរបបរាជានិយមដែលមានអង្គព្រះមហាក្សត្រគ្រងរាជសម្បត្តិនាពេលបច្ចុប្បន្ន និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ននេះ ដែលនេះជាសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារមួយយ៉ាងពិតប្រាកដ។

លោកបញ្ជាក់ដូច្នេះថា «អំពើខាងលើនេះ គឺជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នៃកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលកំណត់បានជាបទឧក្រិដ្ឋ ត្រូវផ្តន្ទាទោសក្នុងបទឧក្រិដ្ឋធ្ងន់ធ្ងរអាចអស់មួយជីវិត តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា! ហេតុនេះ ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងស្ថាប័នអយ្យការ មានកាតព្វកិច្ចអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីបំផ្លាញ និងកម្ទេចចោលនូវរាល់ផែនការ និងអង្គការចាត់តាំងទាំងឡាយណាដែលគាំទ្រសកម្មភាពខុសច្បាប់នេះ»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានបន្តប្រមាថដល់ចេស្តាអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់រាស្រ្តខ្មែរកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រកាសវិលចូលប្រទេសដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនខ្លាចញញេីតច្បាប់នោះទេ។

ពាក់ព័ន្ធរឿងនេះ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ក្រោមការចោទប្រកាន់ពីបទ ប្រមាថ អង្គព្រះមហាក្សត្រ៕