(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារទ្វេភាគី តាមប្រព័ន្ធវីដេអូ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគីតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក បានពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរវៀតណាមចំពោះលទ្ធផលប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានា នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេល។

ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាងសាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែន។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តដែលកម្ពុជា និងវៀតណាម បានគ្រប់គ្រងការ ឆ្លងរីករាលដាលនៃជំងឺរាតត្បាតុវីដ-១៩ប្រកបដោយជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួលឱ្យនិស្សិតកម្ពុជារាប់រយនាក់បានត្រឡប់ទៅសិក្សានៅប្រទេស វៀតណាមវិញ។ នាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតក្នុងពិភពលោក។

នាយករដ្ឋមន្ត្រីទាំងពីរបានអបអរសារទរចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខ័ណ្ឌសីមា និងបោះ បង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពពនឿននីតិវិធីដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ថ្នាក់ដឹកនាំទាំង ពីរក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ចំនួន១៦% ក្នុង គោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាមលើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងពហុភាគី ដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ។ កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គី ភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕