(ភ្នំពេញ)៖ ការលក់ម្សៅដំឡូងមីរបស់ក្រុមហ៊ុន «HLH Agriculture» ទៅកាន់ទីផ្សារនៅក្រៅប្រទេសកើនឡើងកាន់ខ្ពស់នៅឆ្នាំ២០២០ បើទោះបីពិភពលោកកំពុងជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយនោះ។

ក្រុមហ៊ុន «HLH Agriculture» ដែលជាក្រុមហ៊ុនវិនិយោគរបស់សិង្ហបុរី បានបោះទុនប្រមាណជា ៦០លានដុល្លារអាមេរិក ដើម្បីដាំដំឡូងមី និងកែច្នៃជាម្សៅនាំចេញទៅក្រៅស្រុក។ ក្រុមហ៊ុនបានវិនិយោគលើផ្ទៃដីជាង ៩ពាន់ហិកតា ដែលជាដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនបានវិនិយោគលើការដាំដុះដំឡូងមី និងកែច្នៃជាម្សៅនាំចេញនេះ តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ កញ្ញា ឡុង តៃវ៉ា អ្នកគ្រប់គ្រងផ្នែករោងចក្រ ផលិតម្សៅមី HLH បានឱ្យដឹងថា វិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យក្រុមហ៊ុនមានការបារម្ភខ្លាំងផងដែរ ខ្លាចប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្មរបស់ខ្លួន។ តែមិនដូច្នោះទេ គឺការលក់មានចំនួនកើនឡើងកាន់តែច្រើន។

កញ្ញា ឡុង តៃវ៉ា បានឱ្យដឹងថា មុនពេលរាតត្បាតជំងឺកូវីដ១៩ ក្រុមហ៊ុននាំចេញម្សៅមីទៅកាន់ទីផ្សារក្រៅប្រទេសតែជាង ១ពាន់តោនប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្នុងឆ្នាំ២០២០ ការនាំចេញមានចំនួនកាន់តែច្រើន ខែខ្លះកើនឡើងដល់ ៤ពាន់តោនក៏មាន។

កញ្ញា ឡុង តៃវ៉ា បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងក៏ខ្ញុំភ័យដែរខ្លាចថា រោងចក្រភាគច្រើន កន្លែងឧស្សាហកម្មភាគច្រើនគាត់បិទ ឬក៏គាត់ផ្អាកដំណើរការ។ ខ្ញុំមានការព្រួយបារម្ភដែរថា ប្រហែលជាយើងនឹងបិទដូចគេហើយ ប៉ុន្តែអត់អ៊ីចឹងទេ យើងបែរជាថែមម៉ោងច្រើន បើកដល់ពីរវេណ ហើយមានការកុម្មង់ច្រើន។ ពីមុនយើងក្នុងមួយខែជាមធ្យមភាគយើងលក់ចេញតែ ១០៥០តោន ឥឡូវវាបែរជាឡើងទៅ ២ពាន់តោន ទៅ ៤ពាន់តោន។ អ៊ីចឹងវាខុសឆ្ងាយមែនទែនពីការរំពឹងទុករបស់ពួកខ្ញុំ»

កញ្ញា ឡុង តៃវ៉ា បានឱ្យដឹងថា ទីផ្សារដែលក្រុមហ៊ុនផ្គត់ផ្គង់ដំឡូងមីនេះ មាននៅឥណ្ឌា កូរ៉េខាងត្បូង អាមេរិក និងជប៉ុនជាដើម។ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារកំពុងកើនឡើងនេះ ក្រុមហ៊ុនបានបង្កើនច្រវ៉ាក់ផលិតកម្មកែច្នៃម្សៅមី រហូតដល់ទៅពីរវេន។

បើតាមកញ្ញា ឡុង តៃវ៉ា ដោយសារតែតម្រូវការកើនឡើងនៃម្សៅមីនេះ ដំឡូងមីដែលខ្លួនដាំនោះមិនគ្រប់គ្រាន់សម្រាប់ការយកទៅកែច្នៃនោះឡើយ តម្រូវឱ្យមានការទិញដំឡូងបន្ថែមពីប្រជាពលរដ្ឋនៅកន្លែងដទៃ។

ក្រុមហ៊ុន បានប្រកាសទទួលទិញដំឡូងរបស់ប្រជាពលរដ្ឋពីគ្រប់កន្លែង។ កញ្ញា ឡុង តៃវ៉ា បានអះអាងថា តម្លៃដំឡូង គឺក្រុមហ៊ុនផ្តល់មិនឱ្យចាញ់ប្រទេសជិតខាងនោះទេ ពោលប្រទេសជិតខាងទិញតម្លៃណា ខ្លួនក៏ទិញតម្លៃនោះដែរ។

តំណាងរោងចក្រផលិតម្សៅមីរូបនេះ បានអះអាងថា ដំឡូងមីដែលខ្លួនទិញតម្លៃចន្លោះពី ៣២០រៀល ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ននេះក្រៅតែពីការលក់ទៅកាន់ទីផ្សារនៅខាងក្រៅប្រទេសហើយនោះ ក្រុមហ៊ុនក៏មានចែកចាយនៅក្នុងប្រទេសផងដែរ។

ប្រជាពលរដ្ឋដែលមានដំឡូងមី ហើយចង់លក់ទៅឱ្យក្រុម «HLH Agriculture» សូមទាក់ទងទូរស័ព្ទលេខ៖ ០៧០ ៨២៨ ០០៤៕