(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាត់តាំងមេធាវីឲ្យការពារក្តីជូនជនជាប់ចោទ ចំនួន៥សំណុំរឿង ដោយមិនគិតកម្រៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គណៈមេធាវី បានចាត់តាំងមេធាវីចំនួន ៦រូប រួមមាន៖ លោកមេធាវី យុង ផានិត, លោកស្រី មេធាវី ស៉ិន សុវ៉ន, លោកមេធាវី ឆែ វិបុល, លោកមេធាវី ជុំ អ៊ៀក, លោកមេធាវី ញ៉ ញេន, និងកញ្ញាមេធាវី លី រតនា។ មេធាវីទាំង ៦រូបនេះ ត្រូវបានចាត់តាំងឲ្យការពារក្តី ដោយមិនគិតកម្រៃជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌ របស់សាលាដំបូងរាជធានីភ្នំពេញចំនួន៥ គឺសំណុំរឿងលេខ៨៨៧, សំណុំរឿងលេខ១១៤០, សំណុំរឿងលេខ៦០០៥, សំណុំរឿងលេខ៦៧២៥, និងសំណុំរឿងលេខ៧៨១៨ ដែលជនជាប់ចោទទាំងនោះ ត្រូវបានចោទប្រកាន់ពី «បទរួមគំនិតក្បត់ បទញុះញង់ឲ្យមានភាពធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់»

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ «កាត់ចាត់តាំងនេះ ធ្វើឡើងតាមការស្នើសុំ ពីសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារសិទ្ធិ ជនជាប់ចោទស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ»។

លោកមេធាវី លី ច័ន្ទតុលា បានបន្ថែមថា បន្ទាប់ពីទទួលបានសំណុំរឿង មេធាវីទាំង៦រូបខាងលើ បានសិក្សា ពិភាក្សា និងរៀបចំមធ្យោបាយ ការពារក្តីតាមវិធានវិជ្ជាជីវៈ មេធាវីយ៉ាងយកចិត្តទុកដាក់។

គួរជម្រាបថា គណៈមេធាវីតែងតែចាត់តាំងមេធាវី ឲ្យជួយការពារក្តីជូនជនក្រីក្រ និងជនដែលគ្មានលទ្ធភាពពឹងពាក់មេធាវី នៅគ្រប់សាលាជម្រះក្តី តាមការស្នើសុំរបស់សាមីខ្លួន និងតុលាការ ដោយមិនយកកម្រៃ។ សម្រាប់ឆ្នាំ២០២០នេះ គណៈមេធាវីបានចាត់តាំងមេធាវី ឲ្យការពារក្តីដោយមិនគិតកម្រៃ បានចំនួន ៥៨០៥សំណុំរឿង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីកម្ពុជា៖