(ពោធិ៍សាត់)៖ កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃញី បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងវត្ថុតាងមួយចំនួនធំ។

ករណីខាងលើនេះ ធ្វើឡើងនារសៀលម៉ោង ៣៖១៥នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅផ្ទះរបស់ជនសង្ស័យ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថុតាង៖

*ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន៦៥កញ្ចប់ (៦៤កញ្ចប់តូច និង០១កញ្ចប់ធំ)
*ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងតូច
*ថង់ផ្លាស្ទិចតូចៗមួយចំនួនធំ
*ឧបករណ៍ជក់មួយកំប្លេរ
*ដែកកេះចំនួន០២ដើម
*ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕