(ក្រចេះ)៖ អង្គការសត្វព្រៃ វាយអេតសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ស្នួល បានចុះចាប់សាច់សត្វព្រៃស្រស់ ដាក់លក់បន្លំជាមួយសាច់ជ្រូក នៅម៉ោង១២ថ្ងៃត្រង់ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានប្រាប់ភ្នាក់ងារ Fresh News ថា «សាច់សត្វព្រៃស្រស់ទាំងនោះ មានសាច់ជ្រូកព្រៃ និងសាច់ឈ្លូស ដែលពួកគេដាក់លក់បន្លំ ជាមួយសាច់ជ្រូកស្រុក ហើយសាច់ព្រៃទាំងនោះ មានចំនួន៦០គីឡូក្រាម ត្រូវកម្លាំងយើងយកទៅកប់ចោល នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្នួល ចំណែកឯអ្នកលក់សាច់ព្រៃនោះ បានរត់បាត់ស្រមោលហើយ»

ជាមួយគ្នានេះមន្រ្តីរដ្ឋបាលរូបនេះ បានអំពាវនាវដល់អាជីវករទាំងអស់ មិនត្រូវទិញសាច់សត្វព្រៃពីក្រុមឈ្មួញ យកមកដាក់លក់នោះទេ បើមិនដូច្នេះនឹងប្រឈមមុខការដាក់ទោស ជាក់ជាមិនខានឡើយ៕