(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា សម្រេចដាក់ឲ្យប្រើប្រាស់ ស្លាកសញ្ញាថ្មី (Logo) ចាប់ពីខែមករា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អេស៊ីដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។

លោក អ៉ិន ចាន់នី ថា ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា «និមិត្តរូបបក្សីសួគ៌» ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិច ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាម ទស្សនៈ បេសកម្ម យុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិច តំណាងឲ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។ រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា ស្លាកសញ្ញាថ្មី គ្រោងនឹងរៀបចំដាក់ឲ្យប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២១។ ចំពោះការចំណាយក្នុងការប្ដូរស្លាកសញ្ញាថ្មីនេះ ស្របតាមផែនការណ៍ដែលធនាគារបានគ្រោងទុក៕