(ភ្នំពេញ)៖ ដីមួយកន្លែងរបស់ លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងកម្ពុជា ស្ថិតនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កំពុងរងការរំលោភបំពានពី លោក ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី។ នេះបើតាម លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម អះអាងនៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ហេង ឡុង បានរៀបរាប់យ៉ាងដូច្នេះថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ) តំណាងឱ្យលោក ព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើមចំនួន៥ម្ចាស់ មានទំហំសរុបជាង១៩ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ផងដែរ។

លោកបានរៀបរាប់ទៀតថា ក្រោយពីការទិញលក់រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី បានបញ្ជាកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ។

ករណីនេះលោក ហេង ឡុង បានអះអាងថា លោកកំពុងពិភាក្សា និង ពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់។