(សេអ៊ូល)៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃនេះ បានចេញសេចក្ដីប្រកាសឲ្យម្ចាស់ក្រុមហ៊ុន​​ចំនួន ១២៤ និងពលរដ្ឋកូរ៉េខាងត្បូងទាំងអស់ ចាកចេញពីទីក្រុង Kaesong ប្រទេស​កូរ៉េខាងជើង​ ជាបន្ទាន់ ពោលគឺ​រាល់​ក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង ត្រូវបិទទាំងអស់ ដែលនេះជាផ្នែកមួយនៃការដាក់​ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើង ក្រោយពី​គគ្លើនបាញ់សាកល្បងមីស៊ីលកាលពីសប្ដាហ៍មុន នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ ខែកុម្ភៈ។

Kaesong ជាសួនឧស្សាហកម្ម​សេដ្ឋកិច្ច ដែលប្រទេសកូរ៉េខាងត្បូង និង​ខាងជើង បានធ្វើការដោះ​ដូរ​ពាណិជ្ជកម្ម និងច្រកព្រំដែនសំខាន់តែមួយគត់សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាល​ក្រុងសេអ៊ូលបានបញ្ជាឲ្យបិទរាល់អាជីវកម្មទាំងអស់ ដើម្បីដាក់ទណ្ឌកម្មដល់​កូរ៉េខាងជើង។

ប៉ុន្មានថ្ងៃមុននេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hey បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barak Obama និង លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដើម្បីពិភាក្សាគ្នា រឿងទណ្ឌកម្ម ដែលត្រូវដាក់ទៅលើប្រទេសកូរ៉េខាងជើង ពីបទដែលរដ្ឋកុម្មុយនិស្តមួយនេះ បានរំលោភម្តងហើយ ម្តងទៀតទៅលើការព្រមានរបស់អន្តរជាតិ ស្តីពីការហាមមិនឲ្យបាញ់គ្រាប់រ៉ុក្កែតនោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៧ ខែកុម្ភៈកន្លងទៅនេះ កូរ៉េខាងជើង បានបាញ់សាកល្បង​គ្រាប់​រ៉ូកែតរយៈចម្ងាយឆ្ងាយ ដោយបានធ្លាក់នៅក្បែរកោះជប៉ុន និង​បានបាញ់បង្ហោះផ្កាយរណប ដោយ​ផ្ដាយ​រណបនោះ ត្រូវបានក្រសួងការពារជាតិកូរ៉េខាងត្បូង ជឿជាក់ថា កំពុង គោចរនៅក្នុងគន្លងតារាវិថី ប្រកបដោយជោគជ័យ៕