(ស្វាយរៀង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង (ក.ប.ប) នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ផឹង និល ប្រធានសាខា (ក.ប.ប) ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារត្រួតពិនិត្យរបស់មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមី និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖ ពពុះសណ្តែក ចំនួន ១០គីឡូក្រាម មានសារធាតុ (Borax) ទឹកក្រូចដបចំណុះ១,៥លីត្រ ៦យួរ ស្មើ៣៦ដប, នំធុង ចំនួន២ធុង, ទឹកត្រចៀកកាំចំនួន ២ កេស, ទឹកដោះគោឆៅ ម៉ាក អេរ៉ាហ្គោល ចំនួន ១៦យួរ ក្នុងនោះមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោកបានបន្ថែមថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីនោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍វិលមុខបណ្ដាលឱ្យចុះអន់ថយនូវកម្លាំង និងបង្កឱ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។

ទន្ទឹមនឹងនេះដែរ លោក ផឹង និល ក៏បានផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋមុននឹងទិញរបស់អ្វីមួយទៅបរិភោគ និងលក់លើទីផ្សារសូមពិនិត្យទៅលើកាលបរិច្ឆេទ ប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីធានាបានសុខុមាលភាពល្អទាំងអ្នកលក់ និងអ្នកទិញផងដែរ៕