(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា នៅឆ្នាំ២០២១ ខាងមុខនេះ យ៉ាងហោចណាស់មានក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីក្នុងផ្សារភាគហ៊ុន។

លោកអគ្គនាយកបន្តថា ក្រុមហ៊ុនទាំង៦នោះ អាចមាន៣ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និង៣ផ្សេងទៀត បោះផ្សាយលក់សញ្ញាបណ្ណ (មូលបត្របំណុល)។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហុង សុហួរ ធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាស ក្នុងវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងរំពឹងថានៅឆ្នាំ២០២១ វិបត្តិកូវីដ១៩ អាចដោះស្រាយបានធូរ ឧទាហរណ៍វ៉ាក់សាំងជំងឺនេះ ត្រូវបានប្រើប្រាស់ទូលំទូលាយ យើងរំពឹងថា យើងនឹងមានលទ្ធផលជាងឆ្នាំ២០២០នេះ [...] ២០២១ ក្រុមហ៊ុនដែលអាចបញ្ជីជាភាគហ៊ុនបាន រំពឹងថាអាចនឹងបាន៣ទៀត និងក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណ (មូលបត្របំណុល) ប្រហែលជាអាច៣ក្រុមហ៊ុនទៀត សរុបចំនួន៦ក្រុមហ៊ុន ដែលលើសពីឆ្នាំ២០២០នេះ ដែលមានចំនួន៥ក្រុមហ៊ុន»

ផ្សារមូលបត្រកម្ពុជា ចាប់ផ្តើមដំណើរការចាប់ឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ក្នុងនោះមានក្រុមហ៊ុនចំនួន ៧ ចុះបញ្ជីបោះលក់ភាគហ៊ុន និងចំនួន៦ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបត្រ (មូលបត្របំណុល)។ គិតមកត្រឹមខែតុលា ឆ្នាំ២០២០ ផ្សារមូលបត្រកម្ពុជា មានវិនិយោគិន (អ្នកចុះឈ្មោះបើកគណនីដើម្បីជួញដូរភាគហ៊ុន) ប្រមាណ២.៦ម៉ឺននាក់។

រយៈពេល២ឆ្នាំចុងក្រោយនេះ ទំហំជួញដូរក្នុងផ្សារហ៊ុនមានកើនឡើងគួរឲ្យកត់សម្គាល់ ដែលឆ្នាំ២០១៨ ទំហំជួញដូរមានត្រឹមតែជាង២ម៉ឺនដុល្លារ ដល់ឆ្នាំ២០១៩ កើនឡើងជាង១៥ម៉ឺនដុល្លារក្នុង១ថ្ងៃ។ តែក្នុងឆ្នាំ២០២០នេះ ដោយសារវិបត្តិកូវីដ១៩ ធ្លាក់ចុះបន្តិចត្រឹមតែជាង១៣ម៉ឺនដុល្លារក្នុង១ថ្ងៃ៕