(ពោធិ៍សាត់)៖ រឿងអាស្រូវមួយត្រូវបានបែកធ្លាយរហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៖៥នាទី ពីបទរំលោភកុមារី អាយុក្រោម១៥ឆ្នាំ រហូតបានសម្រេចជាច្រើនលើក នៅចំការក្រូចទន្លា ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញ បានឱ្យដឹងថា សមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្ដឹងពីម្តាយជនរងគ្រោះឈ្មោះ អ៊ូច ផាត អាយុ២៨ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានប្ដឹងពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៖៣០នាទីថ្ងៃ នៅចំណុចចំការក្រូចទន្លា ស្ថិតក្នុងភូមិឃុំខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ យ័ន្ត គយ អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា។

ម្ដាយជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យបានចាប់កូនរបស់គាត់ឈ្មោះ អ ស អ អាយុ៧ឆ្នាំ (ត្រូវជាកូនចុង) រស់នៅភូមិឃុំកើតហេតុខាងលើ ដោយរួមភេទបានសម្រេចជាច្រើនលើកមកហើយ។ ក្រោយពីចាប់កុមារីរងគ្រោះខាងលើរួមភេទរួច ជនសង្ស័យក៏បានបន្តចាប់រំលោភកុមារីរងគ្រោះម្នាក់ទៀត ឈ្មោះ ឃ ស ខ (ត្រូវជាចៅចុង) ដោយរួមភេទបានសម្រេចជាច្រើនដងដូចគ្នាផងដែរ។

ប្រភពបានបន្តទៀតថា រៀងរាល់ពេលដែលជនសង្ស័យបានចាប់កុមារីរងគ្រោះទាំងពីរនាក់រួមភេទរួច ជនសង្ស័យតែងតែនិយាយប្រាប់កុមារីទាំងពីរនាក់ថា កុំឱ្យយករឿងនេះទៅនិយាយ ប្រាប់គេឯងដឹងឱ្យសោះ។ ដូចនេះកុមារីទាំងពីរ មានការភ័យខ្លាយរឿងនេះ ក៏បិទកប់ឈឹងទៅរហូតមកដល់ថ្ងៃកើតហេតុ ទើបម្តាយកុមារីរងគ្រោះមានមន្ទិលសង្ស័យ ហើយបានហៅមកសួរនាំ ទើបបែករឿងនេះឡើង ប្តឹងមកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យតែម្តង។

សមត្ថកិច្ចជំនាញ បានឱ្យដឹងដែរថា បន្ទាប់ពីស្តាប់របាយការណ៍បណ្តឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចបានសុំគោលការណ៍ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ សម្រេចចាប់ឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕