(ភ្នំពេញ)៖ ក្នុងជំនួបនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច រវាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក Nick Boresford ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានកោតសសើរថា កម្ពុជាពិតជាសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវីដ-១៩។ លោកបានបន្តថា ភាពជោគជ័យរបស់កម្ពុជា ដែលលោកមើលឃើញ គឺជោគជ័យទាំងផ្នែកសុខភិបាល និងជោគជ័យផ្នែកសង្គមសេដ្ឋកិច្ចផងដែរ។

ការលើកឡើងបែបនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេល ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ហើយក៏ស្របពេលដែល កម្ពុជាទើបទទួលបានជោគជ័យក្នុងការគ្រប់គ្រងការឆ្លងជំងឺ កូវីដ-19ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកាកន្លងទៅផងដែរ។

សម្រាប់ការលើកឡើងបែបនេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណដល់ប្រធានអង្គការ UNDP ដែលបានមើលឃើញ ពីកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាទាក់ទងជំងឺកូវីដ-១៩។

រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណដល់អង្គការ UNDP ចំពោះកិច្ចសហការជាមួយក្រសួងសង្គមកិច្ច ក្នុងកិច្ចការងារគាំពារសង្គមផងដែរ។ សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដែលបានជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាច្រើន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តរហូតដល់ដំណាច់ឆ្នាំ២០២០ផងដែរ។

បន្ថែមពីលើនេះ លោក Nick Boresford បានឲ្យដឹងថា សម្រាប់បញ្ហាជំងឺកូវីដ១៩ នេះ បានបង្ហាញពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាយ៉ាងខ្លាំងក្លា ក្នុងការដោះស្រាយ ទប់ស្កាត់ការចម្លង និងការគាំពារដល់ប្រជាជនដែលរងការប៉ះពាល់ពីបញ្ហាជំងឺនេះ។

លោកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលកំពុងតែអនុវត្តនេះ ពិតជាមានសារៈសំខាន់ជាខ្លាំង ព្រោះវាមិនមែនគ្រាន់តែជាកម្មវិធីផ្ដល់ថវិការប៉ុណ្ណោះទេ វាជាកម្មវិធីវិនិយោគដែលមានគុណតម្លៃជាខ្លាំង វិនិយោគទៅលើគ្រួសារក្រីក្រ ក្នុងការកសាងជីវភាព ធ្វើឱ្យស្ថានភាពគ្រួសារមានភាពប្រសើរឡើង៕