(ព្រៃវែង)៖ លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំចាយមារខេត្តព្រៃវែង បានលើកឡើងថា កំណែទម្រង់អប់រំនៅតែជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។

លោកបន្ថែមថា កម្ពុជាត្រូវការធនធានមនុស្សមានចំណេះដឹងជ្រៅជ្រះ និងមានជំនាញច្បាស់លាស់បម្រើដល់និម្មាបនកម្មសេដ្ឋកិច្ច សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច រត់តាមការប្រែប្រួលរចនាសម្ព័ន្ធស៊ីជម្រៅនៃចរន្តពិភពលោក និងធ្វើឱ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង។

លោកបណ្ឌិត ស្តើង សុខុម បានលើកឡើងបែបនេះនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង មាន៦ បន្ទប់នៃសាលាមតេយ្យជោរិ៍ ក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថា្លរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងពិធីនោះលោកប្រធានក្រុមការងារថ្នាក់ជាតិរូបនេះបានធ្វើការពន្យល់ថា ហេតុអ្វីបានជារាជរដ្ឋាភិបាលផ្ដល់អាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស? ព្រោះថា ការអភិវឌ្ឍសង្គមជាតិមួយ ប្រទេសជាតិមួយ គឺចាំបាច់ត្រូវមានធនធានមនុស្ស។

លោក ស្តើង សុខុម ដែលជាអ្នករួមចំណែកបណ្តុះធនធានមនុស្សដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា តាមរយៈសាកលវិទ្យាល័យឯកទេសនៃកម្ពុជាដែរនោះ បានលើកឡើងទៀតថា ប្រទេសមានធនធានធម្មជាតិស្តុកស្តម្ភមិនមែនបានសេចក្តីថាជាប្រទេសអ្នកមាននោះទេ ហើយប្រទេសដែរគ្មានធនធានធម្មជាតិក៏មិនប្រាកដថា ជាប្រទេសក្រីក្រនោះដែរ។ លោកបានលើកជាឧទាហរណ៍ថា ដូចជាប្រទេសសឹង្ហបុរីគ្មានធនធានធម្មជាតិទេ ប៉ុន្តែសឹង្ហបុរីមានធនធានមនុស្សដែលធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសរីកចម្រើនខ្លាំងនៅលើពិភពលោកដោយសារតែគេមានធនធានមនុស្សប្រកបដោយសមត្ថភាព។

«ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យធនធានមនុស្សដោយបានយកចិត្តទុកដាក់ចំពោះទារកតាំងពីនៅក្នុងផ្ទៃម្តាយ ដោយរាជរដ្ឋាភិបាលបានធ្វើការឧបត្ថម្ភសាច់ប្រាក់ចំពោះប្រជាពលរដ្ឋក្រីក្រចាប់តាំងពីពរពោះរហូតទារកមានអាយុ២ឆ្នាំ។ ការឧបត្ថម្ភនេះ សំដៅចង់ឲ្យទារកដែលកើតមកនោះមានសុខភាពល្អ កាយសម្បទាមាំមួន ក្លាយជាធនធានមនុស្សរបស់ជាតិ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាលនៅតែបន្តវិនិយោគកាន់ តែច្រើនទៀតទៅក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល»។ លោក ស្តើង សុខុម បានគូសបញ្ជាក់។

លោក ស្តើង សុខុម បានលើកបង្ហាញនូវសកម្មភាពមួយចំនួនទៀត ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានថ្លែងបញ្ជាក់ដូច្នេះ «វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ពង្រឹងចាប់តាំងពីថ្នាក់មតេយ្យសិក្សាឡើងទៅ ព្រោះនៅទីនេះហើយ ដែលកុមារចាប់ផ្តើមចេះស្រឡាញ់ចូលចិត្តសៀវភៅ ចូលចិត្តក្តារចេះប្រើដៃដើម្បីគូរ ដើម្បីសរសេរ ចេះគោរពចំពោះឪពុកម្តាយចាស់ទុំ វាជាថ្នាលនៃការបណ្តុះចិត្តគំនិត កុមារឱ្យចង់រៀន បណ្តុះចិត្តគំនិតបញ្ញាកុមារឲ្យចាប់ផ្ដើមចេះមើលសៀវភៅនិងចេះសរសេរអក្សរ»

លោកបណ្ឌិតបន្ថែមថា ជាបន្តបន្ទាប់វិស័យអប់រំត្រូវបានពង្រីកវិសាលភាពរបស់ខ្លួន ពីទីប្រជុំជនទៅកាន់តំបន់ជនបទ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់ៗរូបទទួលបានការអប់រំ។ ការអប់រំសម្រាប់ទាំងអស់គ្នាដោយធ្វើឱ្យ មានការអប់រំជាមូលដ្ឋានយ៉ាងតិច៩ ឆ្នាំដោយឥតបង់ថ្លៃស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលក៏នៅតែផ្តោតលើការស្វែងរក និងប្រមូលកុមារ ឱ្យបានចូលរៀនគ្រប់ៗគ្នាទោះបីពួកគេស្ថិតនៅទីណាក្នុងស្ថានភាពបែបណាក៏ដោយ។ ចំពោះមុខរាជរដ្ឋាភិបាលក៏នៅតែបន្តដោះស្រាយនូវបញ្ហាប្រឈមរបស់វិស័យអប់រំនេះគឺដើម្បីធានាឱ្យមានតុល្យភាពរវាងការពង្រឹងគុណភាពអប់រំ និងការពង្រីកបរិមាណព្រមទាំងជំរុញឱ្យមានការសិក្សា រៀនសូត្រពេញមួយជីវិត ព្រោះការសិក្សារៀនសូត្រគឺជាការងារមួយគ្មានទីបញ្ចប់។

ជាមួយគ្នានេះលោកប្រធានក្រុមការងារថ្នាក់ជាតិរូបនេះ ក៏បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនកសាងសមិទ្ធផលសង្គមជាច្រើននៅក្នុងស្រុកកំចាយមារ និងបានផ្តល់នូវទស្សនាទានប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំការងារនៅក្នុងមូលដ្ឋានខេត្តព្រៃវែង។

លោកស្ តើង សុខុម បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូដែលចូលរួមក្នុងកម្មវិធីនោះថា ការជួយរបស់សម្តេចក្រឡាហោម ស ខេង ក្នុងការកសាងសាលាមតេយ្យសិក្សា ក៏ដូចជាសាលាបឋមសិក្សា មធ្យមសិក្សា នៅទីនេះ សម្តេចគ្មានបំណងចង់បានអ្វីជាការតបស្នងវិញនោះទេ គឺគ្រាន់តែចង់ឃើញកូនចៅប្រជាពលរដ្ឋ បានចូលសាលា។

គួរជម្រាបជូនថា សាលាមតេយ្យជោរិ៍ មានទីតាំងនៅក្នុងសាលាបឋមសិក្សាជោរិ៍ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៩០ ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បើគិតមកដល់ពេលនេះវាមានអាយុកាល៣០ឆ្នាំមកហើយ។ ប៉ុន្តែដោយមើលឃើញស្ថានភាពអគារមានភាពចាស់ទ្រុឌទ្រោមនិងដោយមានការគិតគូ រពីសុវត្តិភាពកុមារ និងគ្រូដែលកំពុងសិក្សានៅទីនោះផង សម្តេចក្រឡាហោម ស ខេង បានសម្រេចឲ្យមានការវាយចោលអគារសិក្សាចាស់ និងធ្វើការសាងសង់អគារសិក្សាថ្មីជំនួសវិញ ១ខ្នង ៦បន្ទប់អំពីបេតុងដោយរៀបជញ្ជាំងឥដ្ឋ២០ ដើម្បីធានាឲ្យអគាររឹងមាំផងនិងមានភាពត្រជាក់សម្រាប់កុមារ ជាមួយនេះក៏មានការក្រាលការ៉ូផង ដែរ ។

បច្ចុប្បន្នមតេយ្យសាលានេះមានគ្រូចំនួន ៧នាក់ និងសិស្សកំពុងសិក្សា ១៤០នាក់៕