(កំពង់ធំ)៖ លោកស្រី ឃួន ឃិនឌី សមាជិកព្រឹទ្ធសភា និងប្រធានក្រុមការងារចុះជួយ ស្រុកកំពង់ស្វាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថ្លែងយ៉ាងដូច្នេះថា មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវបន្តការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានពេញចិត្ត និងរហ័សទាន់ពេល។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ដល់ប្រជាលរដ្ឋនៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះ លោកស្រី ឃួន ឃុនឌី បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានថា ត្រូវពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្សឲ្យតែមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។

លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ និងពិនិត្យពីវឌ្ឍនភាព នៃការរីកចម្រើននៅក្នុងមូលដ្ឋានខ្លួនផ្ទាល់នីមួយៗ និងដើម្បីចុះធ្វើការស្រាវជ្រាវ ប្រមែប្រមូលនូវបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។ ជាពិសេសពីកង្វល់ពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានាតាមរយៈការលើកជាសំណូមពរ ក៏ដូចកង្វល់ និងពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យក្រុមការងារ និងអាជ្ញាធរជួយដល់ពួកគាត់។

លោកស្រីបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាមផងដែរ៕